(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាស្រុករមាសហែក មានរៀបចំពិធីប្រកាសដាក់ឲ្យដំណើររចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុករមាសហែក ក្រោមអធិបតីភាព លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត។
លោក ហែម ពិសិដ្ឋ បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានចាប់ផ្តើមអនុវត្តនៅថ្នាក់ ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ដោយផ្អែកលើបទពិសោធ និងលទ្ធផលវិជ្ជមាន ដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។
លោកបញ្ជាក់ថា តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាល តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន។
បើតាមលោកអភិបាលរងខេត្ត គិតរហូតមកដល់ពេលនេះ រដ្ឋបាលខេត្តបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិ អស់រយៈពេល៩ឆ្នាំហើយ ដែលសម្រេចបានសមិទ្ធផលធំៗ គួរឲ្យកត់សម្គាល់រួមមានជាអាទិ៍៖
*ទី១៖ ការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិ
*ទី២៖ ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
*ទី៣៖ ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ
*ទី៤៖ ការរៀបចំប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍ នៅថ្នាក់ក្រោមជាតិ
*ទី៥៖ ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា ចំពោះមុខអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវប្រមូលផ្តុំធ្វើការបូកសរុបដំណើរការ នៃការធ្វើសមាហរណកម្ម និងការចាប់ផ្តើមដំណើរការ នៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង ក្រុង ស្រុក ខណ្ឌ ដើម្បីរាយការណ៍ នឹងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួន សំដៅឲ្យមានការឯកភាពស្រុះស្រួលគ្នា ក្នុងការអនុវត្តឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់៕