(សៀមរាប)៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ បានប្រកាសលើកទឹកចិត្តក្ដែងៗដល់ភាគីពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជនរួមគ្នាបង្កើតព្រឹត្តិការណ៍កម្សាន្តឱ្យបានច្រើន នៅតាមគោលដៅទេសចរណ៍នានា ដើម្បីជំរុញចលនាទេសចរផ្នៃក្នុងឱ្យកាន់តែផុសផុល សំដៅលើកកម្ពស់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាលផ្ទុះការរីករាលដាលវីរុសកូរ៉ូណា។
ការប្រកាសបែបនេះរបស់លោក ទិត ចន្ថា ធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករទេសចរណ៍ វិស័យឯកជន តំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធប្រមាណ ១៥០នាក់ នៅសាលាខេត្តសៀមរាប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
លោកបានបញ្ជាក់ថា កម្ពុជានៅតែមានភ្ញៀវទេសចរអន្តរជាតិមកទស្សនា ប៉ុន្តែមានការថមថយខ្លះ ពិសេសគឺភ្ញៀវទេសចរចិន ដោយសារបញ្ហាផ្ទុះការរីករាលដាលវីរុសកូរ៉ូណា។
លោកបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាគ្មានករណីឆ្លងវីរុសកូរ៉ូណាទៀតនោះទេ។ នៅសៀមរាប-អង្គរ សកម្មភាពទេសចរនៅតែមានសកម្មភាពរស់រវើក ជាពិសេសភ្ញៀវទេសចរអឺរ៉ុបនៅតែមានច្រើន តែមានការថមថយខ្លះ ពិសេសភ្ញៀវចិនមានការថមថយ ដោយសារប្រភពកំណើតរបស់គាត់មានបញ្ហា (វីរុសកូរ៉ូណា)»។
លោកបានបន្តថា មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយសម្រាប់បញ្ហាធ្លាក់ចុះភ្ញៀវទេសចរ ក្នុងដំណាក់កាលផ្ទុះការរីករាលដាលវីរុសកូរ៉ូណានេះនៅឡើយទេ ដោយលោកអះអាងថា បញ្ហានេះក្រសួងទេសចរណ៍មិនអាចធ្វើតែឯងបានទេ គឺមានការពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍នេះទៀតដែរ។
តែទោះជាយ៉ាងណា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទទួលបានដំណោះស្រាយជាក់លាក់ណាមួយ ក្នុងដំណាក់កាលលំបាកនេះ។
លោកថា មានបញ្ហាមួយចំនួនដែលតម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ ដូចជាបញ្ហាពន្ធដារ អគ្គិសនី ការប្រាក់នៅធនាគារជាដើម សំដៅសម្រួលមធ្យោបាយជូនក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ជាដើម ដែលពួកគេកំពុងជួបបញ្ហាក្នុងការចំណាយច្រើន ខណៈចំណូលដែលផ្អែកលើការមកទស្សនា ការមកស្នាក់នៅ ឬការប្រើប្រាស់សេវាកម្មរបស់ភ្ញៀវទេសចរមានការធ្លាក់ចុះ, នេះបើតាមការឱ្យដឹងរបស់លោក ទិត ចន្ថា។
រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍រូបនេះ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នៅតាមគោលដៅទេសចរណ៍ឱ្យបានច្រើន ជំរុញចលនាទេសចរផ្ទៃក្នុង ទាំងប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិដែលកំពុងស្ថិតនៅកម្ពុជា គឺត្រូវដើរចេញទស្សនាឱ្យបានច្រើន។
ជាមួយគ្នានោះ ផ្នែកឯកជនក៏ត្រូវសម្រួល ឬបញ្ចុះតម្លៃលក់កញ្ចប់ទស្សនកិច្ចដល់ភ្ញៀវ ក៏ដូចជាការបញ្ចុះតម្លៃស្នាក់នៅសណ្ឋាគារ អាហារហូបចុក ការដឹកជញ្ជូន សេវាកម្មនានាជាដើម ដើម្បីលើកទឹកចិត្តឱ្យមានការធ្វើដំណើរទេសចរណ៍ផ្ទៃក្នុង ព្រោះកាលណាមានសកម្មភាពទេសចរណ៍ច្រើន វាជួយសម្រាលការចំណាយនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ហើយជាសារសម្រាប់ផ្សព្វផ្សាយទៅកាន់ទេសចរក្រៅប្រទេស ដែលជាការទាក់ទាញភ្ញៀវពីក្រៅប្រទេសឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។
រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា កម្ពុជានៅតែស្វាគមន៍វត្តមានទេសចរអន្តរជាតិគ្រប់គ្នា ដោយមិនមានការរើសអើងអ្វីទាំងអស់ ប៉ុន្តែនៅតែមានការត្រួតពិនិត្យតាមបច្ចេកទេសវេជ្ជសាស្ត្រសុខាភិបាល និងសូមឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។
ជាមួយគ្នានោះ លោក ទិត ចន្ថា បានរំលេចសារអំពាវនាវមួយឃ្លាថា «អង្គរឈរជាងមួយពាន់ឆ្នាំ រង់ចាំភ្ញៀវមកទស្សនា មិនភ័យរឿងកូរ៉ូណា»៕