(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីជូនដំណឹងលើកចុងក្រោយមួយ និងរយៈពេល១ថ្ងៃប៉ុណ្ណោះ ដោយតម្រូវឲ្យលោក សាន វិសាល ម្ចាស់អាជីវកម្មលក់រថយន្ដធន់ធ្ងន់ រើយករថយន្ដ និងសម្ភារផ្សេងៗចេញពីទីតាំងដីឡូត៌លេខ៤២ ផ្លូវលេខ៥៩៨ (១៧១៩) ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ៥៩៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រោយពីសាលារាជធានីភ្នំពេញ បានអនុវត្តវិធានការរដ្ឋបាលរួចរាល់ជាស្ថាពរ ហើយបានប្រគល់ដីឡូត៌នេះជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីស្របច្បាប់រួចហើយ។
ជាមួយគ្នានេះ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានបង្ហើបឲ្យដឹងផងដែរថា ក្រៅពីមិនព្រមរើយករថយន្ដ និងសម្ភារផ្សេងៗចេញពីទីតាំងដីឡូត៌លេខ៤២ ផ្លូវលេខ៥៩៨ (១៧១៩) ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ បន្ទាប់ពីជូនដំណឹងច្រើនលើកច្រើនសារ និងលើកចុងក្រោយនេះ, ម្ចាស់អាជីវកម្មលក់រថយន្ដធន់ធ្ងន់ លោក សាន វិសាល បាននិងកំពុងព្យាយាមលួចលក់ដីឡូត៌នេះ ទៅឲ្យអ្នកផ្សេងៗទៀតទាំងបំពាន ប៉ុន្តែលក់មិនទាន់ចេញ។
លើសពីនេះ លោក ប្រាជ្ញ សីហា សូមអំពាវដល់សាធារណៈជន ក៍ដូចជាឈ្មួញអ្នករកស៉ីទាំងឡាយ ដាច់ខាតកុំចាញ់បោក កុំទិញដីឡូត៌ពីឈ្មោះ សាន វិសាល ឲ្យសោះ ព្រោះឈ្មោះ សាន វិសាល គ្មានដីឡូត៌សូម្បីមួយចង្អាម ស្ថិតក្នុងតំបន់អភិវឌ្ឍន៌ឫស្សីកែវឡើយ។
សេចក្ដីជូនដំណឹងលើកចុងក្រោយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានលោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌទាំង២រូប ដឹកនាំមន្ត្រីជុំនាញ និងអាជ្ញាធរសង្កាត់-ភូមិ ព្រមទាំងកម្លាំងសមត្ថកិច្ច ចុះនាំយកលិខិតដោយផ្ទាល់ទៅជូនម្ចាស់អាជីវកម្មលក់រថយន្ដធន់ធ្ងន់ (លោក សាន វិសាល) ក្រោយពីជូនដំណឹងច្រើនលើកច្រើនសារមកហើយ ដោយតម្រូវឲ្យលោក សាន វិសាល ចូលរួមសហការជាមួយគណៈកម្មការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរើយករថយន្ដធន់ធ្ងន់ និងសម្ភារផ្សេងៗចេញពីដីឡូត៌ខាងលើនេះ ប៉ុន្តែមកទល់ពេលនេះ (លោក សាន វិសាល) នៅតែរឹងរូសមិនព្រមចូលរួមសហការ និងអនុវត្តតាមការណែនាំឡើយ។
ជាថ្មីម្ដងទៀត និងជាលើកចុងក្រោយ ដើម្បីចូលរួមការអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រគល់ដីឡូត៌លេខ៤២ ផ្លូវលេខ៥៩៨ ឲ្យបានចប់សព្វគ្រប់ ក៍ដូចជាបញ្ចប់ទំនាស់ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវឲ្យបានឆាប់រហ័ស, រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវឲ្យលោក សាន វិសាល រើយករថយន្ដ និងសម្ភារផ្សេងៗចេញពីទីតាំងដីនេះ ក្នុងរយៈពេល១ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បើក្នុងករណី លោក សាន វិសាល មិនអនុវត្តតាមការណែនាំ នោះរដ្ឋបាលខណ្ឌ និងចាត់វិធានការរដ្ឋបាលចុះរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាត បាត់បង់សម្ភារ និងផលប្រយោជន៍អ្វីឡើយ។ ករណីបន្តការរឹងរូស រដ្ឋបាលខណ្ឌ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការច្បាប់ជាធរមាន៕