(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបន្តច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចែកចាយដោយអ្នកប្រើប្រាស់ បណ្ដាញសង្គម Facebook មួយចំនួន ដែលបានដកស្រង់សម្តីរបស់ លោក ម៉ម ប៊ុមហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខុសពីខ្លឹមសារដើម បណ្តាលឲ្យមានការភាន់ច្រឡំ ចំពោះការចម្លងមេរោគកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា តាំងពីដើមមកលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង មិនដែលនិយាយថា «មេរោគកូរ៉ូណាមិនអាចចម្លង ក្នុងប្រទេសកម្ពុជា ដោយសារតែមានអាកាសធាតុក្តៅដូចកម្ពុជា» នោះទេ ហើយការដកស្រង់សម្តីខុសពីសម្តីដើមរបស់លោក បានធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។
គួរជម្រាបថា ការចេញមកច្រានចោលទាំងស្រុងរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងបន្ទាប់គណនី Facebook មួយឈ្មោះ «Hun Kosal» បានបង្ហោះសារធ្វើឲ្យមានការភ័ន្ដច្រឡំ និងមួលបង្កាច់លាបពណ៌ដែលបានវាយប្រហារលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ចំពោះដំណឹងមិនច្បាស់លាស់នេះ។ លោកស្រីចាត់ទុកថា ការខិតខំវាយប្រហារលើការដកស្រង់សម្តីខុស គឺជាចេតនាមួយក្នុងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ លោករដ្ឋមន្រ្តី និងកេងចំណេញនយោបាយ។
សូមរំលឹកថា កាលពីពេលកន្លងទៅ ក្រសួងសុខាភិបាល ក៏ធ្លាប់បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានមិនពិត របស់កាសែតភ្នំពេញប៉ុស្ដិ៍ ពាក់ព័ន្ធនឹងករណីដូចគ្នានេះផងដែរ៕