(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា មន្ត្រីរាជការត្រូវតែបម្រើការពារ និងថែរក្សាអ្វីដែលប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ ឲ្យស័ក្តិសមនូវអ្វីដែលពួកគាត់ បានផ្តល់ឲ្យយើង និងគាំទ្រធ្វើជាតំណាងរបស់ពួកគាត់គ្រប់កាលៈទេសៈ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការស្រុក ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកអូររាំងឪ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់មន្ត្រីរាជការនៅទូទាំងខេត្ត ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
លោក បានបន្តថា នៅក្នុងបរិបទប្រទេសកម្ពុជា អនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាល មានគោលបំណងដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការ ទៅប្រកបដោយភាពរលូនរួមមាន៖
*ការពង្រីងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះនៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
*ការលើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវការ និងរចនាសម្ព័ន្ធគ្រប់គ្រងស្រប តាមនយោបាយកំណែរទម្រង់វិម្ឈការ និងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ក្រោមជាតិ ដែលនៅមានលទ្ធភាពមានភាពម្ចាស់ និងការទទួលខុសត្រូវ ក្នុងការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក/ក្រុង នៅទូទាំងខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនានា ដែលបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ៕