(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ផ្លូវជាតិលេខ៥ ឆ្លងកាត់កំណាត់ផ្លូវបេតុង ទៅតំបន់អភិវឌ្ឍន៍ភួពុយ (ផ្សារភួពុយ) ក្នុងភូមិពោធិ៍តាគួយ សង្កាត់លលក«ស» ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានស្នើដល់មន្ទីរសាធារណការខេត្ត និងអាជ្ញាធរក្រុង តម្លើងស្លាកសញ្ញាចរាចរណ៍ ឬភ្លើងស្តុប ដើម្បីផ្តល់សុវត្ថិភាព ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
ការស្នើបែបនេះ ធ្វើឡើងបន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ បានទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍រួចមកហើយ អំឡុងពេលដែលឆ្លងកាត់ទៅរកទិញម្ហូបអាហារ នៅតំបន់អភិវឌ្ឍន៍ភួពុយ (ផ្សារភួពុយ) ខេត្តពោធិ៍សាត់។
បងប្អូនអាជីវករ និងគ្រួសារម៉ូតូឌុប ក៏ដូចជាប្រជាពលរដ្ឋរស់នៅជាប់តំបន់នោះ ដែលសូមមិនបញ្ចេញឈ្មោះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលទទួលបានទីតាំងលក់ដូរថ្មី (នៅផ្សារភួពុយ) ខណៈដែលបានដំណើរការឲ្យលក់បណ្ណោះអាសន្ន បានរយៈពេលជាង ១ខែរួចមកហើយ ពោលគឺចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០មកម្ល៉េះ។
ទន្ទឹមនឹងចំណាប់អារម្មណ៍សប្បាយរីករាយនេះ ពួកគាត់ក៏ព្រួយបារម្មណ៍ផងដែរថា ផ្លូវធ្វើដំណើរទៅទីតាំងផ្សារភួពុយ ត្រូវឆ្លងកាត់ផ្លូវជាតិលេខ៥ និងផ្លូវរថភ្លើង ដែលអាចប្រឈមនឹងគ្រោះថ្នាក់ផងដែរ ប្រសិនបើគ្មានស្លាកសញ្ញាចរាចរណ៍ ឬភ្លើងស្តុបគ្រប់គ្រាន់។ ដូច្នេះប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមស្នើដល់មន្ទីរសាធារណការខេត្តពោធិ៍សាត់ និងអាជ្ញាធរក្រុង តម្លើងស្លាកសញ្ញាចរាចរណ៍ ឬភ្លើងស្តុបឲ្យបានឆាប់រហ័ស ដើម្បីផ្តល់សុវត្ថិភាព ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
គួរបញ្ជាក់ថា ទីតាំងអភិវឌ្ឍន៍ភួពុយ (ផ្សារភួពុយ) ត្រូវបានលោកឧកញ៉ា ភួ ពុយ សម្រេចផ្តល់ជូនអាជីវករលក់ដូរដោយឥតគិតថ្លៃ ចន្លោះពី៣ ទៅ៥ឆ្នាំ និងបានរៀបចំជាផ្នែកៗ រួមមានផ្សារបន្លែ ផ្សារសាច់ និងតូបលក់ដូរ...ប្រកបដោយផាសុខភាព និងធំទូលាយ។ ទាំងនេះគឺជាការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងសុខសុវត្ថិភាព របស់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ពីសំណាក់លោករដ្ឋមន្ត្រី ស៊ុយ សែម ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោកឧកញ៉ា ភួ ពុយ ប្រធានសមាគមស្រូវ និងជាប្រធាសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង ដោយបានរៀបចំផ្លាស់ប្តូរទីតាំងថ្មី ពីការលក់ដូរពាសវាលពាសកាលតាមមាត់ផ្លូវ មកលក់ដូរឲ្យមានសណ្តាប់ធ្នាប់នាពេលនេះ៕