(ឧត្ដរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តឧត្ដរមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។ ពិធីនេះធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជានៅខេត្តឧត្ដរមានជ័យ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ លោក ស៊ី ប្រាសិទ្ធ អនុប្រធានគណបក្សប្រជាជនខេត្ត បានអានសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។
មានមតិនៅក្នុងពិធីនេះ លោក គន់ គីម បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងមក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេចបាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់ និងធ្វើឲ្យសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។
ដោយឡែក សមាជិកបក្ស និងថ្នាក់ដឹកនាំគណបក្សខេត្តឧត្ដរមានជ័យ បានរួមសាមគ្គី ឯកភាព គ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ចទទួលបាន លទ្ធផលល្អប្រសើរកត្តា កំណត់ដែលធ្វើឲ្យយើងទទួលបានការរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារតែយើងមានសន្តិភាព និងស្ថេរភាពនយោបាយ។
អនុវត្តតាមទិសដៅភារកិច្ចឆ្នាំ២០២០ របស់គណៈកម្មាធិការកណ្តាល លោក គន់ គីម បានជំរុញឲ្យក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖
*ទី១៖ យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តឲ្យកាន់តែប្រសើរថែមទៀត អំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
*ទី២៖ ជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ កែលម្អការបម្រើសេវាសាធារណៈឲ្យទាន់ពេល និងអនុវត្តរបៀបរបបការងារឲ្យមានប្រសិទ្ធភាព
*ទី៣៖ ដើម្បីឆ្លើយតបបានទៅនឹងការកែទម្រង់ វិមជ្ឈការ និងសហវិមជ្ឈការ មន្ត្រីចាប់ពីថ្នាក់ខេត្ត ដល់មូលដ្ឋានត្រូវខិតខំពង្រីកសមត្ថភាព និងបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចត្រូវគិតការងាររួមជាធំ
*ទី៤៖ ពង្រឹង ការសាមគ្គី ឯកភាពផ្ទៃក្នុងបក្សត្រូវចាំថា ការសាមគ្គី ឯកភាព គឺជាប្រពៃណី និងជាចំណុចខ្លាំងដែលធ្វើឲ្យបក្សប្រជាជនកម្ពុជាគង់វង្ស ព្រមទាំងទទួលបានជោគជ័យ រហូតមកដល់ពេលនេះ
*ទី៥៖ លុបបំបាត់រាល់ភាពអសកម្មរបស់មន្ត្រី ដោយយកអភិក្រមទាំង៥ ធ្វើជាគោល (ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់)។
ជាចុងក្រោយ លោក គន់ គីម បានជំរុញឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះជួបប្រជាពលរដ្ឋ និងជំរុញបើកវេទិការសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ៕