(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានរួមគ្នាស្វែងរកការគាំទ្រ លើការអនុវត្តសកម្មភាពរបស់ កម្មវិធីការងាររួមគ្នាមួយ គឺកម្មវិធីកិច្ចសហការរវាងកម្ពុជា-អូស្ត្រាលី ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌សម្រាប់ជនមានពិការភាព ហៅកាត់ថា ACCESS ដើម្បីបង្កើនឱកាសការងារ ដល់ជនមានពិការភាព។
ជំនួបនាថ្ងៃដដែលនោះដឹកនាំដោយលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងភាគីទូតអូស្រ្តាលី ដឹកនាំដោយលោកស្រី សារ៉ា វ៉ាតឡី លេខាទី១ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរក៏បានលើកឡើងទាក់ទងនឹងកម្មវិធីសហការរវាងកម្ពុជា-អូស្ត្រាលី ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌សម្រាប់ជនមានពិការភាព ហៅថា ACCESS បានផ្តល់ការគាំទ្រជាអទិភាពដល់ក្រសួងសង្គមកិច្ច មាន៣ផ្នែករួមមាន៖
*ទី១ ៖ គាំទ្រការអនុវត្តផែនការជាតិស្តីអំពីជនមានពិការភាពដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា
*ទី២ ៖ គាំទ្រមូលនិធិជនពិការ ក្នុងការចាត់ចែងមជ្ឈមណ្ឌលស្តារនីតិសម្បទាដែលគាំទ្រដោយ NGO
*ទី៣ ៖ គាំទ្រ និងអនុវត្តជាមួយមូលនិធិជនពិការ ក្នុងការគាំទ្រដល់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជនក្នុងការបង្កើនឱកាសរកប្រាក់ចំណូលដល់ជនមានពិការភាព។
លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ការរួមគ្នារវាងកម្ពុជា និងអូស្ត្រាលីនាពេលនេះ ធ្វើឡើងបន្ទាប់ពីមើលឃើញថា វិស័យពិការភាព រយៈពេលប៉ុន្មានចុងក្រោយនេះ ទទួលបានការគាំទ្រ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ដែលធ្វើឱ្យស្ថានភាពជនមានពិការភាព នៅកម្ពុជា មានភាពល្អ ប្រសើរឡើងជាបន្តបន្ទាប់។
បន្ថែមពីលើនេះ លោកស្រី សារ៉ា វ៉ាតឡី លេខាទី១ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហាញជំហរថា អូស្រ្តាលីប្រចាំកម្ពុជា នៅតែបន្តចូលរួមនៅក្នុងសកម្មភាពជួយដល់ជនមានពិការភា ពនិងស្រ្តីក្មេងស្រីដូចជា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជួយស្វែងរកឱកាសការងារសម្រាប់ជនពិការ ទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី និងការផ្តល់សេវាផ្នែកច្បាប់ជាដើមដើម្បីឲ្យស្រ្តី រួចផុតពីការរំលោភបំពាននានា។
គួរបញ្ជាក់ថា កម្មវិធី ACCESS ត្រូវអនុវត្តរយៈពេល ៣ឆ្នាំ គឺឆ្នាំ២០១៩-២០២១ ដែលនឹងត្រូវចំណាយថវិកាជាង ២លានដុល្លារ ដែលថវិកានោះ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលអូស្ត្រាលី។ កម្មវិធីនេះ នឹងអាចជួយដល់ជនមានពិការភាព និងស្រ្តីដែលរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយ៉េនឌ័រ (Gender Based Violent GBV) នឹងទទួលបានអត្ថ ប្រយោជន៍ពីកម្មវិធី ACCESS ដែលមានសេវាកម្មប្រកបដោយនិរន្តរភាពគុណភាព ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ៕