(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះផ្តល់ស្នាមញញឹមដល់ក្មួយៗ កុមារពិការភ្នែក និងគរថ្លង់ នៅវិទ្យាស្ថានជាតិអប់រំពិសេស អតីតសាលាកុមារពិការភ្នែក និងគរថ្លង់ភ្នំពេញថ្មី តាមរយៈការព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ និងបុគ្គលិក នៅក្នុងសាលាដែលមានចំនួន ៩៨នាក់ នាចុងសប្តាហ៍នេះ។
បើតាមលោកវេជ្ជបណ្ឌិតហោ អូន បានបញ្ជាក់ថា បេសកកម្មមនុស្សធម៌ របស់សមាគម TYDA គឺចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជូនដល់ក្មួយៗពិការភ្នែក និងគរថ្លង់ ដើម្បីឱ្យពួកគេមានសុខភាពមាត់ធ្មេញល្អ និងជួយដល់សុខភាពរាង្គកាយផ្សេងទៀត ឱ្យមានសុខភាពល្អ ដើម្បីសិក្សារៀនសូត្រឱ្យបានពូកែ និងរស់នៅដោយសុខភាពល្អ។
ថ្នាក់ដឹកនាំ និងបុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំពិសេស បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យសមាគម TYDA ដែលតែងតែបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ក្មួយនៅទីនេះ។
សូមបញ្ជាក់ថា ក្មួយៗកុមារពិការភ្នែក និងកុមារគរថ្លង់ តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី ដែលតែងតែបានចុះជួបសំណេះសំណាល ផ្ដល់ចំណីអាហារ សម្ភារសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុសាលានេះផងដែរ៕