(ព្រះវិហារ)៖ សាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចុះផ្សព្វផ្សាយ-អប់រំស្តីពី «សុវត្ថិភាពម្ហូបអាហារ» ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ដូនទុន ស្ថិតក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុប ចំនួន ១៧៥នាក់ ស្រីចំនួន ៨២នាក់។

បើតាមលោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា ការផ្សព្វផ្សាយនាពេលនេះ គឺជាចំណេះដឹង មូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ដែលមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

លោកបានបន្តទៀតថា ការផ្សព្វផ្សាយនាពេលនេះ ផ្តោតសំខាន់ទៅលើចំណុចដូចខាងក្រោម៖

*និយមន័យ គុណភាព និងសុវត្ថិភាពម្ហូបអាហារ
*របៀបមើលថ្ងៃផុតកំណត់ និងថ្ងៃផលិតរបស់ផលិតផល
*ផលប៉ះពាល់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់
*សារធាតុហាមឃាត់ដាក់ក្នុងម្ហូបអាហារ (Boax, Formalin, Sodium Hydrosulfite)
*ផលប៉ះពាល់ទំនិញ ផ្ទុកសារធាតុគីមី ហាមឃត់ក្នុម្ហួបអាហារ។

ក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូល បានណែនាំអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគ មានដូចជា៖ ស្លាកសញ្ញា, ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេល ប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល និងផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម។ល ៕