(កំពង់ចាម)៖ ម្ចាស់ និងតំណាងសហគ្រាសធុនតូច និងមធ្យមប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានទទួលវគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ធ្វើឡើងនៅសណ្ឋាគារ LBN ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា សិក្ខាសាលាដែលបានរៀបចំនេះ គឺក្នុងគោលបំណងលើកកម្ពស់ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យម ដើម្បីបង្កើតការងារ បង្កើនសមត្ថភាព និងលទ្ធផលប្រកួតប្រជែងរបស់ផលលិតកម្ម ក្នុងស្រុក ក៏ដូចជាការលើកទកចិត្ត ផ្នែកគយនិងពន្ធដារ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម (SMEs) ឆ្នាំ២០២០ នាពេលនេះ គឺជាលើកដំបូង សម្រាប់ខេត្តកំពង់ចាម ដែលមានមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ធ្វើការផ្សព្វផ្សាយជូនដល់ម្ចាស់ឬតំណាងសហគ្រាសធុនតូច និងមធ្យមទាំងអស់តាមដំណាក់កាលនីមួយៗ។
លោកបន្ដថា ដំណាក់កាលទី១ នាថ្ងៃនេះ រដ្ឋបាលខេត្ត បានអញ្ជើញឲ្យតំណាងសហគ្រាស ចំនួន ២៨០ប៉ុណ្ណោះ ចូលរួមទទួលយកព័ត៌មាន ជាផលប្រយោជន៍សម្រាប់ម្ចាស់សហគ្រាសធុនតូច និងធុនមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការបង្កើតការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមផងដែរ។
លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋា ភិបាលអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ នឹងផ្ដល់ឱកាសដល់តំណាងមកពីក្រសួង ស្ថាប័ន នឹងវិស័យឯកជនពាក់ព័ន្ធ ដើម្បីទទួលបាននូវចំ ណេះដឹង អំពីលក្ខខណ្ឌ-នីតិវិធី និងយន្ត ការនៃការផ្ដល់ ការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនកូនតូចនិងមធ្យម ពីមន្ត្រីជំនាញដែលអញ្ជើញគយនិងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ។
លោកសូមលើកទឹកចិត្ត ឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ស្តាប់ការធ្វើបទបង្ហាញ និងអាចលើក ឡើងនូវសំណូមពរ ដើម្បីឲ្យការអនុវត្ត ការលើកទឹកចិត្តនេះ ប្រព្រឹត្តទៅប្រកប ដោយ ប្រសិទ្ធភាព។
លោកបណ្ឌិតបន្តថា ទន្ទឹមនិងនេះដែរ ដោយពិនិត្យឃើញការស្នើសុំ ការលើកទឹកចិត្តផ្នែកគយ នៅមានកម្រិតតិចតួចនៅឡើយ និងដើម្បីមានមូលដ្ឋាន លើកឡើង នូវដំណោះស្រាយ និងជំរុញការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព លោក សូមសិក្ខាកាមជាម្ចាស់ ឬតំណាងសហគ្រាសទាំងអស់ ជួយបំពេញឆ្លើយ តបនឹងកម្រងសំណួរ ដែលក្រុមការងារ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងផ្តល់ជូននៅក្រោយពេលធ្វើបទបង្ហាញ៕