(តាកែវ)៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកអង្គរបុរី ខេត្តតាកែវនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អភិបាលរងខេត្តតាកែវលោក មូល វិចិត្រ បានព្រលះមន្រ្តីរដ្ឋបាលជលផលមួយចំនួនថា ជាអ្នកកាងឲ្យជនជាតិវៀតណាមចូលបង្កបទល្មើសនេសាទផ្សេងៗ នៅតាមស្រុកជាប់ព្រំដែនខេត្តតាកែវ។
លោកបានថ្លែងថា «មន្ត្រីជលផលមួយចំនួននេះហើយ ដែលជាអ្នកបង្កឲ្យកើតមានបញ្ហាបទល្មើសនេសាទ ហើយមន្រ្តីខ្លះហ៊ានយកឈ្មោះអភិបាលខេត្ត ទៅប្រើប្រាស់សម្រាប់រត់ការឲ្យ ឈ្មួញវៀតណាម ចូលមកបង្កបទល្មើសនេសាទយ៉ាងគឃ្លើនថែមទៀតផង»។
លោកអភិបាលរងខេត្ត បានបន្តថា ប្រសិនជាមិនមានការឈ្លៀតឱកាសពីមន្ត្រីជលផលនោះទេ គឺខាងឈ្មួញវៀតណាម ក៏មិនហ៊ានចូលមកធ្វើអ្វីៗ ស្រេចតែចិត្តបាននោះដែរ ហើយមន្ត្រីបែបនេះ គឺជាមន្រ្តីដុតឲ្យខ្លោច រោចឲ្យឆៅ ដែលឈ្លៀតឱកាសធ្វើបាបខ្មែរគ្នាឯង ហើយបង្កភាពងាយ ស្រួលឲ្យជនជាតិវៀតណាម ឬឈ្មួញវៀតណាមមកបង្កបទល្មើសនេសាទ ក្នុងដែនទឹករបស់ខេត្តតាកែវ យើងយ៉ាងស្រួលកន្លងមកនេះ ហើយដាក់បន្ទុកមកឲ្យអាជ្ញាធរស្រុកឬ អាជ្ញាធរខេត្តជាអ្នកដោះស្រាយទៅវិញ។
លោកអភិបាលខេត្តបានព្រមានថា ប្រសិនបើមន្រ្តីជលផលនៅតែធ្វើបែបនេះតទៅទៀត ក្នុងនាមលោកជាអភិបាលរងខេត្ត ទទួលបន្ទុកគ្រប់គ្រងធនធានធម្មជាតិ លោកនិងរាយកាណ៍ទៅថ្នាក់លើ ដើម្បីសុំគោលការណ៍ដកបញ្ឈជើងមន្រ្តីបែបនេះតែម្តង៕