(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ ព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលត្រូវបានគេយកមកនិយាយ ស្ទើរពាសពេញពិភពលោក។ តាមពិតទៅ ព័ត៌មានមិនពិតបានកើតមានរាប់សតវត្សរ៍មកហើយ ប៉ុន្តែកាលដើមឡើយគេនិយមហៅថា «ពាក្យចចាមអារ៉ាម» ហើយបច្ចុប្បន្ននេះគេក៏បង្កើតពាក្យថ្មីថា «ព័ត៌មានក្លែងក្លាយ»។
ដើម្បីងាយសម្គាល់ និងពិចារណាលើព័ត៌មានមួយថា «ពិតឬមិនពិត» នោះ ខ្ញុំសូមចែករំលែកនូវកំណត់សំគាល់ត្រួសៗចំនួន ៨ ចំណុច៖
ទី១៖ នៅពេលដែលអានព័ត៌មាន គួរពិចារណាលើប្រភពព័ត៌មាននោះ តើបុគ្គលណាម្នាក់ជាអ្នកសរសេរ ជាសកម្មជនហ្វេសប៊ុក ឬ ចេញមកពីស្ថាប័នព័ត៌មានវិជ្ជាជីវៈ?
ទី២៖ សូមកុំអានតែលើចំណងជើង សូមអានអត្ថបទទាំងមូលដើម្បីឲ្យដឹងថាចំណងជើងនោះឆ្លុះបញ្ចាំងទៅនឹងខ្លឹមសារអត្ថបទទាំងមូលដែរឬទេ? ពេលខ្លះចំណងជើងសរសេរដូចជារឿងពិត ប៉ុន្តែខាងក្នុងអត់មានអ្វីជាអំណះអំណាងទាល់តែសោះ។
ទី៣៖ គួរពិនិត្យមើលអ្នកនិពន្ធ អ្នកសរសេរ ថាតើគាត់ជាអ្នកនិពន្ធ អ្នកសរសេរដែលមានវិជ្ជាជីវៈត្រឹមត្រូវដែរឬទេ?
ទី៤៖ គួរពិនិត្យលើប្រភពព័ត៌មានរបស់អ្នកសរសេរ តើមានប្រភពច្បាស់លាស់ ឬគាត់ដកស្រង់ពីគេ?
ជានិច្ចកាល អ្នកសារព័ត៌មានអាជីពទាមទារប្រភពព័ត៌មានតិចបំផុតក៏ពីរដែរ។ ពេលខ្លះតម្រូវឲ្យរកប្រភពរហូតដល់ទៅ ៤ ឬ ៥ ឯណោះ ប្រសិនបើនោះជាព័ត៌មានរសើប ព័ត៌មានធំ ដែលអាចប៉ះពាល់ដល់កិត្តិយសរបស់អ្នកដ៏ទៃ ដល់ឥស្សរជនជាន់ខ្ពស់ អាចបង្កភាពចលាចលសង្គម ឬ សន្តិសុខជាតិជាដើម។ នៅក្នុងបរិបទបច្ចុប្បន្ននេះ រឿងជំងឺវីរុសកូរ៉ូណា ចាំបាច់ត្រូវការប្រភពច្រើន និងពីប្រភពដើមនៃតួអង្គដែលពាក់ព័ន្ធដោយផ្ទាល់ ដើម្បីធានាថាការសរសេរនោះ ឬព័ត៌មាននោះពិតជាត្រឹមត្រូវមែន។
ទី៥៖ តើព័ត៌មាននេះមានកាលបរិច្ឆេត្រឹមត្រូវទេ? ពេលខ្លះគេយករឿងរ៉ាវដែលកើតឡើងកាលពីឆ្នាំមុន ពីរឆ្នាំមុន ឬ៥ឆ្នាំមុនមករំលឹកឬបង្ហោះឡើងវិញក៏មាន។
ទី៦៖ តើគេសរសេរហ្នឹងគ្រាន់តែជាការកំប្លែងលេង ជាការចំអកឡកឡឺយ ដើម្បីជាការកំសាន្ត ដើម្បីលក់ផលិតផល ឬដើម្បីគ្រាន់តែជាការទាក់ទាញអ្នកមើល អ្នកអានឲ្យបានច្រើន?
ទី៧៖ តើអ្នកសរសេរវាយតម្លៃឬសន្និដ្ឋានរឿងនោះដោយខ្លួនឯង ដោយមានបំណងលំអៀង ឬដាក់កំហុសលើភាគីម្ខាងទៀតឬយ៉ាងណា?
ទី៨៖ អត្ថបទមានដកស្រង់ពីអ្នកជំនាញដែលពាក់ព័ន្ធនឹងសាច់រឿងដែលខ្លួនសរសេរនោះដែរឬទេ? ឧទាហរណ៍ ករណីវីរុសកូរ៉ូណា ដែលទាមទារដាច់ខាតត្រូវសួរទៅក្រសួងសាម៉ីនោះគឺក្រសួងសុខាភិបាល។ ចាំបាច់បំផុតដែលត្រូវបញ្ជាក់ហើយបញ្ជាក់ទៀត ព្រោះមានតែស្ថាប័នក្រសួងសុខាភិបាលទេ ដែលអាចបញ្ជាក់ថា បុគ្គលណាម្នាក់ពិតជាបានឆ្លងវីរុសពិតមែន។
ដូចនេះជានិច្ចកាល សូមពិនិត្យលើចំណុចទាំង៨ខាងលើ ដើម្បីញែកឲ្យឃើញថា ព័ត៌មានមួយ ពិត ឬមិនពិត ឬគ្រាន់តែជាពាក្យចចាមអារ៉ាម ដែលគេហៅថា «ព័ត៌មានក្លែងក្លាយ»៕
ដកស្រង់ពីហ្វេសប៊ុក៖ លោក Puy Kea