(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីជួយរំដោះការកកស្ទះការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា-ថៃ ឱ្យកាន់តែមានភាពប្រសិទ្ធភាព និងបានឆាប់រហ័ស ក្រសួងបានស្នើភាគីថៃ ឲ្យបើកការិយាល័យត្រួតពិនិត្យទំនិញបណ្តោះអាសន្នមួយ សម្រាប់សម្រួលដល់ការដឹកទំនិញ គោលបំណងកាត់បន្ថយការ កកស្ទះនៅតាមទ្វាអន្តរជាតិអន្តរជាតិប៉ោយប៉ែត រហូតដល់អគាររដ្ឋបាលនៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន រួចរាល់ នឹងបើកឱ្យដំណើរការតែម្តង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលបានសម្ពោធជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ និងចុះត្រួតពិនិត្យការដ្ឋានអគាររដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន មន្ត្រីរាជការក្រោមឱវាទក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសផងដែរ។
បើតាមលោករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ននេះ តម្រូវឲ្យរថយន្តដឹកទំនិញទាំងអស់ឈប់ឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែត ហើយមកឆ្លងកាត់តាមការិយាល័យបណ្តោះអាសន្ននេះ ដើម្បីធ្វើកាពិនិត្យរួមគ្នារវាងកម្ពុជា និងភាគីថៃ នៅការិយាល័យបណ្តោះអាសន្ននេះវិញ ដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត និងដើម្បីដំណើរការស្ពានស្ទឹងបត់-បានណងអៀន ដែលបានធ្វើរួចរាល់នោះផងដែរ។
សូមបញ្ជាក់ដែរថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបង្កើនកាលានុវត្តភាពដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកាអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ ក៏ដូចជា ការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity)ផងដែរ៕