Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃកើនដល់ជិត១០ពាន់លានដុល្លារ, កម្ពុជានាំចេញទៅថៃបានជាង២ពាន់លានដុល្លារ កើនជិត២០០ភាគរយ នៅឆ្នាំ២០១៩

10-02-2020 13:34

(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ដែលជាប្រទេសភូមិផងរបងតែមួយ បានកើនឡើងជិតដល់១០ពាន់លានដុល្លារហើយ នៅឆ្នាំ២០១៩កន្លងទៅនេះ ខណៈប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មនេះ កើនឡើង១៥ពាន់លានដុល្លារ។

យោងតាមរបាយការណ៍ផ្លូវការ​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង៩.៤១ពាន់លានដុល្លារអាមេរិក កើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៨.៣៨ពាន់លានដុល្លារអាមេរិក។

ទំហំពាណិជ្ជកម្មជាង៩.៤១ពាន់លានដុល្លារនេះ ក្នុងនោះមានថៃនាំចូលមកម្ពុជាចំនួន៧.១៤ពាន់លានដុល្លារ ធ្លាក់ចុះ៦ភាគរយ ដែលឆ្នាំ២០១៨ មានដល់៧.៦១ពាន់លានដុល្លារ និងកម្ពុជានាំចេញទៅប្រទេសថៃ មានជាង២.២ពាន់លានដុល្លារ កើនឡើង១៩៥ភាគយ ដែលឆ្នាំ២០១៨ មានតែ៧៦៨លានដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នៅទីក្រុងបាងកក កាលពីចុងឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីទាំងពីរចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា-ថៃ កើនឡើងដល់១៥ពាន់លានដុល្លារអាមេរិក៕