(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសដាក់ឱ្យដំណើរការការរចនាសម្ព័ន្ធថ្មី និងតែងតាំងលោក យីន យុទ្ធ ជានាយករដ្ឋបាលស្រុកកូនមុំ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុកកូនមុំ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនានា ដែលបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកអភិបាល បានថ្លែងថា នៅក្នុងបរិបទប្រទេសកម្ពុជា អនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាល មានគោលបំណងសំខាន់ៗ ចំនួន៣ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូនរួមមាន៖
* ទី១៖ គឺការពង្រីងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះ នៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
* ទី២៖ លើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវការ និងរចនាសម្ព័ន្ធគ្រប់គ្រងស្រប តាមនយោបាយកំណែរទម្រង់វិម្ឈការ និងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ក្រោមជាតិ ដែលនៅមានលទ្ធភាពមានភាពម្ចាស់ និងការទទួលខុសត្រូវ ក្នុងការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
* ទី៣៖ លើកកម្ពស់ និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងពិធីនេះ ក៏មានការប្រកាសតែងតាំងលោក យីន យុទ្ធ ជានាយករដ្ឋបាលស្រុកកូនមុំផងដែរ ហើយមន្រ្តីដែលប្រកាសចូល ក្នុងរចនាសម្ព័ន្ធថ្មី នៃសាលាស្រុកកូនមុំនាពេលនេះមានចំនួន២៧រូប។ បន្ទាប់ពីដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក ការិយាល័យមួយចំនួននៅតាមមន្ទីរ ក្នុងខេត្តនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកកូនមុំ ដោយមិនស្ថិតនៅក្រោមមន្ទីរដូចមុនទេ៕