(ភ្នំពេញ)៖ ដោយសារតែការរីកចំរើន ក៏ដូចជាកំណើនសិស្សកាន់តែច្រើន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប៊ែលធី បានប្រារព្ធពិធីសូត្រមន្ត បើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិទី២០ (សាខាចោមចៅ) ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះក៏ជាទីតាំងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី២ ផងដែរ ដែលបានសាងសងរួចរាល់ប្រមាណ ៧០% និងគ្រោងដាក់ឱ្យដំណើរការនៅខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
ពិធីសម្ពោធជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី។
អគារសាលា ប៊ែលធី អន្តរជាតិទី២០នេះ មានកម្ពស់ ៥ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណត និងមានបន្ទប់សិក្សា ៧៥បន្ទប់ ដែលមានសិស្សចុះឈ្មោះចូលរៀនប្រមាណជាង ១,០០០នាក់ និងមានកម្មវិធីសិក្សាធំៗចំនួន ៥ ដូចសាខាដ៏ទៃដែរ៖
*ទី១ ៖ ថ្នាក់ចំណេះទូទៅ ចាប់ពីថ្នាក់ទី១ដល់ទី១២
*ទី២ ៖ ថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពី Preschool ដល់ Level12
*ទី៣ ៖ កម្មវិធីគណនាលេខរហ័ស IMA
*ទី៤ ៖ វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
*ទី៥ ៖ ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)។
សាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗចំនួន៨ លើកម្មវិធីដែលមានស្រាប់សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖
*ទី១ ៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ
*ទី២ ៖ កម្មវិធីពង្រឹងស្មារតី
*ទី៣ ៖ កម្មវិធីទស្សនកិច្ចសិក្សា
*ទី៤ ៖ កម្មវិធីសិក្សាតាមទូរទស្សន៍
*ទី៥ ៖ កម្មវិធីប្រឡងសំណេរ
*ទី៦ ៖ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
*ទី៧ ៖ កម្មវិធីប្រកួតប្រជែងទេពកោសល្យ
*ទី៨ ៖ កម្មវិធីកីឡា។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ ដែលមានទំនុកចិត្ត ជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងសាខានីមួយៗ ដែលធ្វើឱ្យសិស្សានុសិស្ស ទទួលបាននូវចំណេះដឹងប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។
លោកបណ្ឌិត បានបន្ថែមថា ដោយមានការគាំទ្រពីមាតាបិតាសិស្សនេះហើយ ទើបធ្វើឱ្យប៊ែលធី មានលទ្ធភាពពង្រីកទីតាំងជាបន្តបន្ទាប់ ក្នុងនោះសាលាក៏កំពុងសាងសង់សាខាទី២១ (ផ្សារឈូកមាស) គ្រោងបើកដំណើរការនៅក្នុងខែឧសភា, សាខាទី២២ (រង្វង់មូលកួរស្រូវ) គ្រោងនឹងបើកដំណើរការនៅក្នុងខែកញ្ញា ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
ជាទីបញ្ចប់ លោកបណ្ឌិត បានប្រកាសបើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិទី២០ (សាខាចោមចៅ ផ្លូវជាតិលេខ៣) ចាប់ពីថ្ងៃនេះតទៅ៕