(កំពង់ឆ្នាំង)៖ ចង្រ្កានជាច្រើនប្រភេទ ត្រូវបានប្រជាកសិកររស់នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាំគ្នាចាប់យកមុខរបរធ្វើចង្ក្រានទាំងនេះលក់ ដើម្បីកែប្រែជីវភាពរបស់ពួកគាត់ ដោយគ្រួសារខ្លះ ក៏បានបោះបង់មុខរបរធ្វើស្រែចំការ ដោយងាកមកចាប់យកមុខរបរធ្វើចង្ក្រាននេះ ជាមុខរបរអាជីពផងដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News បានចុះទៅដល់ភូមិ២ ក្នុងចំណោម ១៦ភូមិ ស្ថិតនៅក្នុងឃុំជ្រៃបាក់ គឺភូមិឃ្លៃ និងភូមិត្រពាំងអន ភូមិទាំងពីរខាងលើនេះ ប្រជាកសិករទាំងក្មេងទាំងចាស់ ប្រមាណ ៧០ភាគរយ បានប្រកបមុខរបរធ្វើចង្ក្រានលក់ នៅពេលទំនេរពីការរៀនសូត្រ និងធ្វើស្រែចំការ។
បើតាមបងប្រុសឈ្មោះ ហៃ រស់នៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរៀបរាប់ឱ្យដឹងថា គ្រួសារគាត់បានចាប់យកមុខរបរធ្វើចង្ក្រាននេះ ជាច្រើនឆ្នាំមកហើយ ដោយដំបូងឡើយគាត់បានធ្វើក្អម និងឆ្នាំង ក្រោយមកគាត់ក៏បានបោះបង់មុខរបរធ្វើក្អម ឆ្នាំង ហើយបានចាប់យកមុខរបរ ធ្វើចង្ក្រាននេះវិញ ពីដើមឡើយគាត់មានកម្មករជាច្រើននាក់ មកធ្វើចង្ក្រាន នៅក្នុងរោងសិប្បកម្មរបស់គាត់ តែបច្ចុប្បន្ននេះ បន្ទាប់ពីគេបានរៀនចេះហើយ ពួកគេទាំងអស់នោះក៏បានចេញទៅធ្វើ នៅតាមផ្ទះរបស់ពួកគេរាងៗខ្លួន ដូច្នេះនៅតែក្រុមគ្រួសារ និងកូនចៅរបស់គាត់តែប៉ុណ្ណោះ ដែលនៅបន្ត ធ្វើនៅក្នុងរោងសិប្បកម្មរបស់គាត់នេះ។
រីឯចង្រ្កាន ដែលគាត់ធ្វើសព្វថ្ងៃនេះ គឺមាន ៣ប្រភេទរួមមានទី១៖ ចង្ក្រានឡូវ, ទី២៖ ចង្រ្កានកំពត, និងទី៣៖ ចង្រ្កានកង្រី, ចង្ក្រានទាំង៣ប្រភេទនេះ មានទំហំធំនិងតូច តែប៉ុណ្ណោះ រីឯតម្លៃក៏ខុសគ្នាដែរ ដោយចង្ក្រានឡូវ ធំ ១ថ្លៃ៩,០០០រៀល ,តូច១ថ្លៃ ៦០០០ រៀល, ចង្រ្កានកំពត ធំ១ថ្លៃ ១០,០០០ រៀល, តូចថ្លៃ៧,០០០រៀល, ចង្ក្រានកង្រី ធំ១ថ្លៃ ៥,០០០រៀល, តូច១ថ្លៃ ៤០០០រៀល។ ចំណែកដី សម្រាប់យកមកធ្វើចង្ក្រានវិញ គឺត្រូវទៅកាប់នៅជើងភ្នំ មួយកន្លែង ដែលមានឈ្មោះថា ភ្នំភ្លង ភ្នំនេះមានចម្ងាយពីភូមិប្រមាណ៣គីឡូម៉ែត្រ ប្រជាពលរដ្ឋខ្លះ ដែលគ្មានលទ្ធភាព ទៅកាប់ និងដឹកដីពីភ្នំមកបាន ក៏ត្រូវទិញដីគេក្នុងមួយគោយន្តកន្ត្រៃយ៍ តម្លៃ៤០,០០០រៀល។
លោក ចាន់ ឡេង ជន្ទប់ទី១ ឃុំជ្រៃបាក់បានប្រាប់ អង្គភាពព័ត៌មាន Fresh News បានឱ្យដឹងថា នៅក្នុងឃុំជ្រៃបាក់ របស់លោកមាន១៦ភូមិ ដែលមានប្រជាពលរដ្ឋ សរុបចំនួន៣៣៤១ គ្រួសារ ក្នុងចំណោម ១៦ភូមិ មាន៨ភូមិ ដែលបានប្រកបមុខរបរធ្វើក្អម ឆ្នាំងចង្ក្រានលក់។ ដោយឡែកនៅក្នុងភូមិឃ្លៃ ខាងលើនេះ ប្រជាពលរដ្ឋ៩០ភាគរយ ក្នុងភូមិបានចាប់យកមុខរបរធ្វើក្អម ឆ្នាំង ចង្ក្រានលក់ តាំងពីសម័យដូនតាមក មិនដែលបោះបង់ រហូតមកដល់សម័យបច្ចុប្បន្ន។
កាលពីដើមឡើយ អ្នកភូមិនេះបានធ្វើក្អម ឆ្នាំង និងចង្ក្រានដោះ៣ ដឹកតាមរទេះគោ ដើរលក់ នៅតាមបណ្ដាខេត្តឆ្ងាយៗ គ្រប់ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជាដោយពួកគាត់ចេញទៅលក់ ក្នុងមួយជើងៗ ចំណាយពេលរាប់ខែ ទើបត្រឡប់មកដល់ផ្ទះវិញ តែបច្ចុប្បន្ន បានប្រែក្លាយជីវភាព របស់ពួកគាត់ឱ្យមានភាពធូរធារ ពួកគាត់ក៏បានបោះបង់ការដឹក ដើរលក់តាមរទេះគោ បែរមកនាំគ្នាទិញរថយន្តកែច្នៃ ស្ទើរគ្រប់ផ្ទះ និងគ្រួសារខ្លះទិញរ៉ឺម៉កម៉ូតូ និងគោយន្តកន្ត្រៃយ៍ ដើម្បីដឹកក្អម ឆ្នាំង ចង្ក្រាន និងសម្ភារផ្សេងៗ ដើរលក់ជំនួសរទេះគោវិញម្ដង។ ហើយបច្ចុប្បន្ននេះ គ្រួសារនីមួយៗ ក៏កំពុងតែសាងសង់ផ្ទះថ្មី ប្រដេញគ្នាស្ទើរគ្រប់ក្រុមគ្រួសារ នៅក្នុងភូមិនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកជន្ទប់ទី១ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមមេត្តាជួយគាំទ្រក្នុងការជួយទិញចង្ក្រាន ក្អម ឆ្នាំង និងសម្ភារប្រើប្រាស់ផ្សេងៗ ដែលធ្វើពីដីឆ្នាំងជាផលិតផល ដែលជាស្នាដៃរបស់ខ្មែរយើង៕