(ភ្នំពេញ)៖ មេល្បែងស៉ីសង និងអ្នកញៀនល្បែង (ស្ទូចប្រេងកូឡា) ចំនួន៤នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពប្រព្រឹត្តមួយចំនួន ត្រូវបានបង្ក្រាបឃាត់ខ្លួន និងដកហូតជាក់ស្ដែងដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបល្បែង (ស្ទូចប្រេងកូឡា) ខាងលើនេះ បានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១៩៖១៥នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង បានឲ្យដឹងថា ការបង្ក្រាបល្បែង (ស្ទូចប្រេងកូឡា) និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងទាំង៤នាក់ និងដកហូត វត្ថុតាងពាក់ព័ន្ធសកម្មភាពប្រព្រឹត្តមួយចំនួន ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី បន្ទាប់ពីទទួលបានបទបញ្ជាពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ដែលបានជំរុញឲ្យកងកម្លាំង ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ លើការស្រាវជ្រាវ និងការបង្ក្រាបជាក់ស្ដែង រាល់បទល្មើសគ្រប់ប្រភេទ ក្នុងទិសដៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសការទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលជាបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
អ្នកញៀនល្បែងទាំង៤នាក់ ដែលឃាត់ខ្លួនក្នុងសកម្មភាពប្រព្រឹត្តល្បែង (ស្ទូចប្រេងកូឡា) ទី១៖ឈ្មោះ ឯល ម៉ារីយ៉ា អាយុ៣៩ឆ្នាំ មុខរបរលក់ផ្លែឈើ (ជាមេស៉ីសង), ទី២៖ឈ្មោះ ពិន រី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ (ជាអ្នកលេង), ទី៣៖ឈ្មោះ ម៉ូ ស៊ីថា ភេទស្រី មុខរបរកម្មការីនី (ជាអ្នកលេង) និងទី៤៖ឈ្មោះ ជឿន ភារិន អាយុ២១ឆ្នាំ មុខរបរកម្មករថែសួន (ជាអ្នកលេង)។ អ្នកញៀនល្បែងទាំង៤នាក់ ស្នាក់នៅម្ដុំផ្លូវរថភ្លើងក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
សូមបញ្ជាក់ថា សម្រាប់វត្ថុតាងដែលដកហូតបាន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបល្បែង (ស្ទូចប្រេងកូឡា) នេះដែរក្រៅពីឃាត់ខ្លួនមេស៉ីសង និងអ្នកលេងចំនួន៤នាក់, កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដកហូតបានរួមមាន៖ ធុងជ័រពណ៌ខៀវលាយក្រហមចំនួន១, កញ្រ្ចែងពណ៌ក្រហមចំនួន១, កំរាលលេខសម្រាប់ចាក់ប្រេងក្រឡាចនួន១, ប្រអប់ប្រេងក្រឡាមួយចំនួន, ប្រាក់ចំនួន ២៥០,០០០រៀល៕