Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! នៅសល់ ៥ថ្ងៃទៀត ផុតកំណត់ការបង់ថ្លៃសំរាម សម្រាប់ខែមករា សូមពលរដ្ឋនៅរាជធានីភ្នំពេញ រួសរាន់ទៅបំពេញកាតព្វកិច្ច

10-02-2020 11:52

(ភ្នំពេញ)៖ នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ពោលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ផុតកំណត់ការបង់ថ្លៃប្រមូលសំរាម និងកាកសំណល់រឹង សម្រាប់ខែមករា ដូច្នេះហើយសូមប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់បានបំពេញកាតព្វកិច្ចនេះ។

នីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាមថ្មីនេះ ប្រជាពលរដ្ឋអាចបង់តាមមធ្យោបាយជាច្រើនដូចជា ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ ACELDA ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត រួមមាន Wing, eMoney, Lyhour Welluy, Pi Pay, True Money និង Dara Pay ជាដើម។

នៅពេលទៅបង់ប្រាក់ នៅតាមភ្នាក់ងារទូទាត់ប្រាក់ប្រជាពលរដ្ឋគ្រាន់តែប្រាប់លេខសម្គាល់អតិថិជន (ID) របស់ខ្លួននៅក្នុងវិក្កយបត្រអគ្គិសនីជាការស្រេច។ ដោយឡែក សម្រាប់កម្រៃសេវាកម្ម នៃការបង់ប្រាក់ ចន្លោះពី៥០០រៀល ទៅ៨០០រៀលតែប៉ុណ្ណោះ។ លើសពីនេះ ពលរដ្ឋក៏អាចបង់ផ្ដាច់ រយៈពេល១ឆ្នាំ ក៏បានដែរ។

សម្រាប់ការបង់ថ្លៃសេវាប្រមូលសំរាម ប្រជាពលរដ្ឋត្រូវបង់ថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ ហើយក្នុងករណីខកខានមិនបានបង់ទូទាត់ ក្រោយរយៈពេល១៥ថ្ងៃ នៃដំណាច់ខែនីមួយៗ នឹងត្រូវចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការផាកពិន័យប្រាក់ទៅតាមច្បាប់។

ដោយឡែក សម្រាប់ផ្ទះអាជីវកម្ម, ភោជនីយដ្ឋាន ឬសិប្បកម្មផ្សេងៗ ប្រសិនបើមិនព្រមបំពេញកាតព្វកិច្ចនេះ អាចនឹងត្រូវដកហូតលិខិតអនុញ្ញាតអាជីវកម្មជាដើម៕