(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក-ក្រុង ជាការចូលរួមចំណែកយ៉ាងជ្រាលជ្រៅ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍ នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើន ជំរុញ និងធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោយបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅដល់ពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួល នូវរាល់សកម្មភាពសាធារណៈ នៅលើដែនដីរបស់ខ្លួន។
លោក តូច ប៉ូលីវ៉ា ថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកតំណាង ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ពិធីនេះក៏មានការចូលរួមពីលោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក-លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក មេបញ្ជាការរងផ្នែកសឹងរងស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក ការិយាល័យអង្គភាពជុំវិញស្រុកមេឃុំ ស្មៀនឃុំ ធនាគារអង្គការ សមាគមន៍ ជុំវិញស្រុក។
លោកបានបន្ថែមថា ការផ្លាស់ប្តូរនូវខ្សែរគណនេយ្យ និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល និងដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ចំពោះវិស័យក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ៕