(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ «ស្ត្រីបង្វិលចង្រ្កានមិនជុំ» នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់ថា ទស្សនៈដែលបានលើកឡើងថា «ស្រ្ដីបង្វិលចង្ក្រានមិនជុំ» អាចគេយល់បានថា សង្គមខ្មែរយើងមានភាពលំអៀង និងមិនបានឱ្យតម្លៃស្រ្តីស្មើបុរស ហើយមានលក្ខណៈរើសអើងចំពោះស្រ្ដីភេទ។ បុរសមួយចំនួននៅតែចាត់ទុកថា ខ្លួនគឺជាមេគ្រួសារធំមានអំណាចលើសលប់នៅក្នុងគ្រួសារ អាចធ្វើអ្វីៗបានតាមតែអំពើចិត្តរបស់ខ្លួន ដោយមិនចាំបាច់ពិភាក្សា សួរយោបល់ពីភរិយាឡើយ ជាពិសេសនៅក្នុងស្ថានភាពដែលស្រ្ដីជាភរិយានៅផ្ទះ ជាមេផ្ទះមិនចេះរកស៊ី និងគ្មានចំណូល។
លោកថាបន្តថា ស្ថានភាពនេះបានធ្វើឱ្យស្រ្ដីជាច្រើនទទួលរងទុក្ខផ្នែកផ្លូវចិត្ត និងបាត់បង់តម្លៃរបស់ខ្លួន។ លើសពីនេះ ស្រ្ដីខ្លះនៅតែជួបប្រទះ ការប្រើអំពើហិង្សា និងការរំលោភពីសំណាក់បុរស មួយចំនួនផង។ បុរសខ្លះយល់ថា ការងារដែលស្រ្ដីជាភរិយារបស់ខ្លួនធ្វើនៅផ្ទះជាការងារកំប៉ិកកំប៉ុក មិនមានតម្លៃស្មើនឹងអ្វីដែលខ្លួនរកបាននៅខាងក្រៅផ្ទះទេ។
លោកស្រីបានបន្តទៀតថា កន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោសែន ដើម្បីបំពេញបន្ថែមការងារផ្លូវច្បាប់ ក្នុងគោលបំណងជួយស្រ្ដី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។ ដូចច្នេះជារួមការអនុវត្តយុទ្ធសាស្រ្ដ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលពិតជាបានជំរុញឱ្យស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្រ្ដីមានភាពកាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សូមបញ្ជាក់ថា ក្នុងវេទិការផ្សព្វផ្សាយស្ដ្រីបង្វិលចង្ក្រានមិនជុំ ថ្ងៃនេះរៀបចំឧបត្ថម្ភដោយ ក្រុមហ៊ុន ធារ៉ាលាង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ស្ដ្រីចូលរួមអភិវឌ្ឍន៍សង្គម និងសមភាពយេនឌ័រ ដែលមានស្ដ្រីមកគ្រប់ស្ថាប័នចំនួន១៥០០នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕