(ព្រៃវែង)៖ ប្រជាពលរដ្ឋនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នឹងទទួលបានស្ថានីយ៍ទឹកស្អាត ឆាប់ៗនេះ ដែលគ្រោងចំណាយថវិកាជាង៧០ម៉ឺនដុល្លាអាមេរិក។ នេះជាការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោក វង សូត បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ផលិតទឹកស្អាតមួយកន្លែង ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២០នេះថា ក្រោមគំនិតគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខរបស់បងប្អូនផ្នែកសុខភាព ជាពិសេសដោយទទួលបានការគាំទ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ទើបមានគម្រោងបង្កើតស្ថានីយផលិតទឹកស្អាត ដែលចំណាយអស់ជាង៧០ម៉ឺនដុល្លារអាមេរិក ប្រកបទៅដោយគុណភាពកើតឡើងនៅពេលនេះ ដើម្បីផ្គត់ផ្គង់ចែកចាយដល់ប្រជាជន រស់នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
រដ្ឋមន្រ្តី វង សូត បានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមជាថវិកា ជួយសាងសង់ស្ថានីយ៍ផលិតទឹកស្អាតនេះឡើងដើម្បី កម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ ឲ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា ព្រោះថា ទឹកគឺជាប្រភពនៃជីវិត។
លោក វង សូត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណាផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់ទឹកមិនស្អាត មកប្រើប្រាស់ទឹកដែលមានសុវត្ថិភាពទាំងអស់គ្នា ដើម្បីបញ្ចៀសពីជំងឺឆ្លងផ្សេងៗ៕