(ភ្នំពេញ)៖ បញ្ហាគ្រឿងចក្រដូចជាអេស្កាវ៉ាទ័រកាយដីដាក់លូ ហើយប៉ះខ្សែបណ្ដាញតង់ស្យុងបណ្ដាលឱ្យដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅតែជាបញ្ហាច្រំដែលៗដែលតែងកើតឡើងនៅរាជធានីភ្នំពេញ។
ជាក់ស្ដែងនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩៖៣០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F17) ថ្មីមួយទៀត ដែលបណ្តាលមកពីរោងចក្របោះពុម្ព ឈុន ឌីង ព្រីនធីង ខូអិលធីឌី ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី។
ករណីនេះបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដូចជា នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោរការ ខណ្ឌព្រែកព្នៅ នៅភូមិសំរោង សង្កាត់ចោមចៅ នៅសង្កាត់ត្រពាំងក្រសាំង នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ និងនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាមួយគ្នានោះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នាវេលាម៉ោង ១៧៖០០នាទីល្ងាច។
អគ្គិសនីកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕