(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដាំផ្ញើមន្ត្រីនៃសមាគមអតីតយុទ្ធជនគ្រប់ខេត្ត ត្រូវក្តាប់ឲ្យបានពីជីវភាពរស់នៅរបស់សមាជិក និងបង្កើនការជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទោះបីពេលយប់ព្រលប់យ៉ាងក៏ដោយ។
ការផ្ដាំផ្ញើនេះត្រូវបានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងពិនិត្យមើលការសាងសង់ផ្ទះ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានធ្វើជូនដល់អតីតយុទ្ធជននៅភូមិអភិវឌ្ឍអតីតយុទ្ធជនបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានកោតសសើរចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត ដែលបានខិតខំឈូសឆាយដីបែងចែកជាឡូតិ៍ ខួងអណ្តូងទឹក និងសាងសង់ផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានមួយចំនួន ហើយកំពុងបន្តសាងសង់តាមផែនការ។
ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឲ្យគណៈកម្មការសមាគមអតីតយុទ្ធជនខេត្ត គ្រប់គ្រងដីសម្បទានសង្គមកិច្ចរដ្ឋនៅតាមគោលដៅឲ្យបានល្អ ការពារកុំឲ្យមានការរំលោភបំពាន បន្តខិតខំចុះជួបសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជន ក្តាប់ឲ្យបានពីជីវភាពរស់នៅរបស់សមាជិក និងមានវិធានការជួយដោះស្រាយរាល់ការលំបាករបស់ពួកគាត់ ពិសេសពេលគាត់ឈឺស្កាត់យប់ព្រលប់៕