(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហព័ន្ធវិនិយោគិនកម្ពុជា (សមគមអ្នកលក់ឱសថកម្ពុជា) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផល ឱសថ និងគ្រឿងសម្អាងក្លែងក្លាយ ក៏ដូចជាការនាំចូលផលិតផលគ្មានការអនុញ្ញាត រំលោភកម្មសិទ្ធិបញ្ញា និងរំលោភសិទ្ធិនាំចូលផ្ដាច់មុខនៅកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងដោយលោកឧត្ដមសេនីយ៍ឯក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ប.ផ.ក ជាមួយលោកសមូហកបណ្ឌិត ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក្រោមវត្តមានជាសាក្សីរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក។
ពិធីនេះបានធ្វើឡើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំកម្ពុជា អង្គការនានា កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមហ៊ុនឯកជន និងសមាជិកសមាគមសរុបប្រមាណ ៥០០នាក់។
គោលបំណងនៃការចុះអនុស្សរណៈនេះ រួមមាន៖
* គ.ប.ផ.ក អាចទទួលបានព័ត៌មានពីក្រុមហ៊ុនម្ចាស់ម៉ាក (ពាណិជ្ជសញ្ញា) ពាក់ព័ន្ធនឹងផលិតផល ឱសថ គ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ ការនាំចូលដោយគ្មានអាជ្ញាបណ្ណ រំលោភលើកម្មសិទ្ធិបញ្ហា រំលោភលើសិទ្ធិនាំចូលផ្ដាច់មុខ តាមរយៈសមាគមសហព័ន្ធវិនិយោគិនកម្ពុជា (ស.ស.វិ) ដោយផ្ទាល់។
* គ.ប.ផ.ក និង ស.ស.វិ នឹងផ្ដល់ទំនុកចិត្តដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ ក៏ដូចជាការពារសិទ្ធិរបស់ម្ចាស់ពាណិជ្ជសញ្ញា និងសិទ្ធិនាំចូលផ្ដាច់មុខ ដោយធានាបាននូវអត្តសញ្ញាណពិតប្រាកដនៃផលិតផលតាមបណ្ដាក្រុមហ៊ុនទាំងនោះ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងគុណភាពផលិតផល ដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា។
* គ.ប.ផ.ក នឹងផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ពាក្យបណ្ដឹងក្នុងករណីមានផលិតផល ឱសថ គ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ ឬការនាំចូលដោយគ្មានអាជ្ញាបណ្ណ រំលោភលើកម្មសិទ្ធបញ្ញា រំលោភលើសិទ្ធិនាំចូលផ្ដាច់មុខដល់ ស.ស.វិ។
* ស.ស.វិ នឹងជួយសម្របសម្រួលក្នុងករណីដែលសមាជិករបស់ខ្លួនចង់ទំនាក់ទំនងជាមួយ គ.ប.ផ.ក ដើម្បីដាក់ពាក្យបណ្ដឹងប្រឆាំងនឹងផលិតផល ឱសថ គ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ ការនាំចូលដោយគ្មានអាជ្ញាបណ្ណ រំលោភលើកម្មសិទ្ធិបញ្ញា រំលោភលើសិទ្ធិនាំចូលផ្ដាច់មុខ។
* គ.ប.ផ.ក និង ស.ស.វិ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងបច្ចេកទេស ដោយប្រើប្រាស់វិធាននានា ឬកំណត់វិធីសាស្ត្រក្នុងការសម្គាល់អត្តសញ្ញាណផលិតផល ឱសថ គ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ ការនាំចូលដោយគ្មានអាជ្ញាបណ្ណ រំលោភលើកម្មសិទ្ធិបញ្ញា រំលោភលើសិទ្ធិនាំចូលផ្ដាច់មុខ ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបផលិតផល ឱសថ គ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ និងថតរូបទុកនូវរាល់ប្រភេទនៃផលិតផលទាំងនោះ ដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់៕