(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្មារតីសន្និបាតគណកម្មាធិការកណ្តាល លេីកទី៤២ អាណត្តិទី៥។កិច្ចប្រជុំនេះធ្វើឡើង នៅមន្ទីរគណបក្សខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យចំនួនជាង២០០០នាក់។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះសមាជិក សមាជិកាគណបក្ស ជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់។
នាយឧត្តមសេនីយ៍ បានជម្រាបជូនកិច្ចប្រជុំថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គ្រប់គ្រងបាននូវស្ថិរភាពនយោបាយបានយ៉ាងល្អប្រសើរ ដែលផ្ដល់ភាពអនុគ្រោះដល់ដំណើរ ការអភិវឌ្ឍគ្រប់វិស័យ ធ្វើឱ្យជីវភាពគ្រប់បែបយ៉ាងនៅក្នុងសង្គមមានដំណើរការកាន់តែល្អប្រសេីរកែលំអរបាននូវជីវភាពប្រជាជន ទោះបីជាពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្នានអគតិខាងក្រៅមួយចំនួនបញ្ជាពីក្រោយបានព្យាយាមបំផ្លាញយ៉ាងណាក្ដី។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តទៀតថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅឆ្នាំ២០១៩ កន្លងទៅ គឺមានស្ថិរភាពដែលសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៧,១ % ក្នុងបរិការអតិផរណាទាប អាត្រាប្ដូរប្រាក់មានស្ថិរភាព ហើយទុនបំរុងអន្តរជាតិបានបន្តកើនឡើង។ វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មនានា គឺមានកំណើនជាប្រចាំ។ សកម្មភាពវិនិយោគ គឺមានកំណើនខ្ពស់ដែលជួយសម្រួលដល់ទីផ្សារការងាររបស់យុវជន។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ក្រុមការងារ និងសមាជិក សមាជិកាទាំងអស់នៃមហាគ្រួសារគណបក្សប្រជាជន ដែលបានជួយជ្រោមជ្រែងដេីរតាមគោលនយោបាយបក្ស សូមបន្តរួមគ្នាការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេសតាមគ្រប់រូបភាពចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ទប់ស្កាត់ឱ្យបាននូវរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៍ អំពីភេរវកម្ម ការជួញដូរមនុស្ស គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ការទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ ។ល។ អភិវឌ្ឍន៍ប្រទេសជាតិ ការកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ពង្រឹងប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស តែមិនបណ្តោយឱ្យខ្សែរយៈចាត់តាំងអង្គការបដិវត្តន៍ពណ៍រស់ឡើងវិញ កំណែទម្រង់រដ្ឋឱ្យបានខ្លាំង ស្រុះដៃគ្នា និងកាន់តែទទួលបានផ្លែផ្កាតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ពិនិត្យ និងដោះស្រាយតាមឋានានុក្រមនូវរាល់សំណេី សំណូមពររបស់ប្រជាពលរដ្ឋ៕