(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា ដោយរឹបអូសបានថ្នាំញៀនជាង១៥គីឡូក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួនទៀត។
មន្ត្រីជាន់ខ្ពស់នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងប្រាប់ Fresh News នាថ្ងៃទី០៩ ខែកុម្ភៈនេះថា ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបធ្វើឡើងនាយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតតាមផ្លូវលេខ១១៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភី សុផល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងបានដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥,៣៥៨.៦៥ក្រាម (ជាង១៥គីឡូក្រាម) ជញ្ជីថ្លឹង២គ្រឿង និងម៉ូតូ ១គ្រឿង។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕