(ភ្នំពេញ)៖ នៅវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ មានអគ្គិភ័យឆេះរោងចក្រកាត់ដេរមួយកន្លែង កើតឡើងនៅតាមបណ្តោយផ្លូវ 30cc ក្រុមទី៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យបានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ទាំង២ ដែលរងការឆាបឆេះនេះ មានម្ចាស់ឈ្មោះ ឆៃ ប៊ុនសឹង ភេទប្រុស អាយុ៥៧ឆ្នាំ និងឈ្មោះ ស្រី ប៉ុណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា រោងចក្រទី១ដែលរងការខូចខាត ជាប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ៨០០០ការ៉េ ទំហំអគារខូចខាត៥០ម៉ែត្រ គុណ១០ម៉ែត្រ និងរោងចក្រទី២ ប្រភេទថ្មប្រក់ស័ង្កសីទំហំ៦០ម៉ែត្រគុណ៨០ម៉ែត្រ ហើយចំពោះមូលហេតុនៃការឆេះមិនទាន់ដឹងនៅឡើយទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះទំហំនៃការខូចខាត គឺបានបំផ្លាញទាំងស្រុងទំហំអាគារ៦០ម៉ែត្រ គុណ៨០ម៉ែត្រ និងឆេះរាលដាលដល់រោងចក្រមួយចំនួន។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់កម្លាំងពន្លត់អគ្គិភ័យដូចជា៖
* រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៣០ឡាន ស្មើនឹង៩២០ម៉ែត្រគូប។
* រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន ស្មើនឹង១២០ម៉ែត្រគូប។
* រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន ស្មើនឹង១២០ម៉ែត្រគូប។
* រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡានស្មើនឹង១២០ម៉ែតគូប។
* រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន៥ឡាន ប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន ស្មើនឹង២០០ម៉ែត្រគូប។
* រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន ស្មើនឹង៤០ម៉ែត្រគូប។
* រថយន្តជំនួយកងពលតូចង70ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន ស្មើនឹង១២០ម៉ែត្រគូប។
* រថយន្តជំនួយបុរីសង្ឃឹមថ្មីចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន ស្មើនឹង៨០ម៉ែត្រគូប។
គ្រោះអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចពន្លត់ចប់ នៅម៉ោង១១៖០០នាទី យប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០៕