(ភ្នំពេញ)៖ ថ្មើរជើងប្រវត្តិសាស្ត្រអន្លង់វែង គឺជាការផ្តួចផ្តើមកាលពី២ឆ្នាំមុន។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា «ផ្លូវទៅកាន់សន្តិភាពមួយគឺពិតជាឆ្ងាយ, ថ្មើរជើងទៅកាន់ប្រវត្តិសាស្ត្រមួយ គឺពិតជាអន្លង់អន្លោច ប្រសិនបើយើងមិនដើរជាមួយគ្នា»។
នៅស្រុកអន្លង់វែង នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ «ថ្មើរជើងប្រវត្តិសាស្ត្រលើកទីពីរ» បានប្រមូលផ្តុំមនុស្សចំនួនប្រមាណ១៥០០ នាក់ឲ្យចូលរួមយ៉ាងកកករ។ កម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ សហការជាមួយនឹងគណៈកម្មាការអន្តរក្រសួង និងគណៈគ្រប់គ្រងខេត្តឧត្តរមានជ័យ។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាសមាជិករៀបចំកម្មវិធីនេះដែរ។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីតំបន់អន្លង់វែង។
អ្នកចូលរួមមានសាវតារចម្រុះ និងអញ្ជើញមកពីគ្រប់ស្ថាប័ន ដែលមានដូចជា សិស្សានុសិស្ស ប្រជាជនស៊ីវិល ទាហាន និងមន្ត្រីរាជការ។ ទន្ទឹមនឹងនេះដែរ ពាក់កណ្តាលនៃចំនួនអ្នកចូលរួមសរុប គឺ៧៥០នាក់ ជាប្រជាជនថៃ។ នៅក្នុងឆ្នាំនេះ គណៈកម្មាធិការរៀបចំ បានដាក់បញ្ចូលកម្មវិធីកម្សាន្តយ៉ាងសម្បូរបែបបន្ថែមទៀត ដើម្បីញ៉ាំងឲ្យកម្មវិធីមានភាពអធិកអធម បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំ «ថ្មើរជើងប្រវត្តិសាស្ត្រ» លើកដំបូងរបស់ខ្លួនកាលពីឆ្នាំមុន។ កម្មវិធីទាំងអស់មានរយៈពេល២ថ្ងៃកន្លះ ដោយគួបផ្សំនូវ ពិព័រណ៍រូបថតចំនួន ១០០ផ្ទាំង, ចំបាប់ខ្មែរ, ការប្រណាំងទូក, ការប្រកួតបាល់ទាត់និងបាល់ទះមិត្តភាពកម្ពុជា-ថៃ, ពិព័រណ៌ម្ហូបអាហារកម្ពុជា-ថៃ, ការប្រណាំងកង់យឺត, ការសម្តែងប្រដាល់គុណខ្មែរនិងថៃ ព្រមទាំងតន្ត្រីនិងការរាំលេងកម្សាន្ត។
លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា កម្មវិធីថ្មើរជើងប្រវត្តិសាស្ត្រនេះនឹង «ពង្រឹងមិត្តភាពរវាងកម្ពុជា-ថៃ» ជាពិសេសនៅតាមតំបន់ព្រំដែនដូចជាខេត្តឧត្តរមានជ័យនេះផ្ទាល់។ អភិបាលខេត្តរូបនេះ បានបន្តថាគណៈកម្មាធិការគ្រោងនឹងរៀបចំកម្មវិធីរៀងរាល់ឆ្នាំ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះតំបន់អន្លង់វែង និងធ្វើឲ្យតំបន់នេះក្លាយជា «ទិសដៅទេសចរណ៍ដ៏មានសក្តានុពល»។ លោកយល់ឃើញថា ព្រឹត្តិការណ៍ប្រភេទនេះ ក៏គួរតែរៀបចំឡើងនៅក្នុងតំបន់ផ្សេងៗទៀតនៅតាមបណ្តោយព្រំប្រទល់ថៃ។ ទន្ទឹមនឹងនេះ លោកបានបន្ថែមថា អន្លង់វែង នឹងជា «ទីតាំងដំបូង» ដែលនឹងមានការសាងសង់វិមានឈ្នះ ឈ្នះ ដើម្បីជានិមិត្តរូបនៃសន្តិភាព។
លោក សំរួយ កេធិគុណ អភិបាលរងខេត្តស៊ីសាកេត បានបង្ហាញនូវសេចក្តីសោមនស្សចំពោះការរៀបចំកម្មវិធីនេះឡើង។ លោកជឿជាក់ថា សកម្មភាពនេះនឹងជួយរឹតបន្តឹងដល់ចំណងមិត្តភាពរបស់កម្ពុជា-ថៃ ព្រមទាំងជាកាយវិការដ៏ប្រសើរសម្រាប់ប្រជាជនទាំងពីរក្នុងការប្រាស្រ័យទាក់ទងគ្នា។ «ភាគីថៃ រីករាយ និងប្រាកដជាសហការគាំទ្រ ព្រមទាំងចូលរួមរាល់សកម្មភាពមិត្តភាពដែលភាគីកម្ពុជាផ្តួចផ្តើម ដើម្បីពង្រឹងវិស័យទេសចរណ៍សម្រាប់ជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរ»។
អន្លង់វែង គឺជាស្រុកមួយនៅក្នុងខេត្តឧត្តរមានជ័យ ស្ថិតនៅប៉ែកខាងជើងនៃប្រទេសកម្ពុជា ជាប់នឹងព្រំប្រទល់ប្រទេសថៃ។ អន្លង់វែង គឺជាទីតាំងប្រវត្តិសាស្ត្រដ៏គួរឲ្យកត់សម្គាល់មួយ។ យោងតាមសៀវភៅ «ប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង៖ តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម» តំបន់នេះធ្លាប់ស្ថិតក្រោមការគ្រប់គ្រងនៃរដ្ឋបាលប្រទេសកម្ពុជា និងប្រទេសសៀម រហូតដល់មានការមកដល់នៃអាណានិគមបារាំង។ អន្លង់វែង បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាជាអចិន្ត្រៃយ៍ នៅពេលដែលមានការបង្កើតជារបបសង្គមរាស្ត្រនិយម។ ក្នុងរបបនេះ សម្តេច នរោត្តម សីហនុ បានបង្កើតជាខេត្តថ្មីមួយ គឺខេត្តឧត្តរមានជ័យ ដោយបំបែកចេញពីផ្នែកខ្លះនៃខេត្តសៀមរាប ហើយអន្លង់វែងគឺជាភូមិមួយ និងក្រោយមកក៏ក្លាយទៅជាស្រុករហូតមកដល់បច្ចុប្បន្ន។
ភាគច្រើននៃប្រជាជនរស់នៅក្នុងស្រុកនេះបច្ចុប្បន្ន គឺជាអតីតសមាជិកនៃរបបខ្មែរក្រហម។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅក្នុងឆ្នាំ១៩៧៩ ចលនាតស៊ូរបស់មេដឹកនាំខ្មែរក្រហមមិនបានបញ្ចប់ទៅភ្លាមៗទេ។ មេដឹកនាំទាំងនោះបានភៀសខ្លួនទៅតាំងទី នៅតាមតំបន់ភាគខាងជើងនៃប្រទេសកម្ពុជាជាប់ទៅនឹងព្រំប្រទល់ថៃ ដោយបានប្រមូលកៀរយកសមាជិកនិងប្រជាជនសាមញ្ញទៅជាមួយផង។ មេដឹកនាំខ្មែរក្រហមបានបន្តចលនារបស់ខ្លួនតាមតំបន់ទាំងនេះ ដោយបង្កជាភាពវឹកវរនិងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសរហូតដល់សមាហរណ៍កម្មរបស់ខ្លួននៅក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីមរណភាពរបស់ ប៉ុល ពត។ ដោយសារតែមូលហេតុនេះ អន្លង់វែងគឺជាទីតាំងដែលមិនអាចខ្វះបានមួយ ក្នុងការបកស្រាយអំពីរបបខ្មែរក្រហម ក៏ដូចជាប្រវត្តិសាស្រ្តនាពេលថ្មីៗរបស់កម្ពុជា។
មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងនាមជាស្ថាប័នឈានមុខមួយក្នុងការធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រហម បានបំពេញការងារស្រាវជ្រាវនិងជំរុញឲ្យមានការផ្សះផ្សានៅក្នុងស្រុកអន្លង់វែង។ ក្រៅពីមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានបង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវនៅតាមបណ្តាខេត្តនានា។ ក្នុងនោះ អន្លង់វែង គឺជាទីតាំងដំបូងដែលមជ្ឈមណ្ឌលបានបង្កើតការិយាល័យស្រាវជ្រាវដំបូងបំផុត នោះគឺ «មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង»។
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងបន្តការស្រាវជ្រាវអំពីរបបខ្មែរក្រហមជាពិសេសប្រវត្តិសាស្ត្រនៃតំបន់អន្លង់វែងផ្ទាល់ ជំរុញឲ្យមានការផ្សះផ្សារវាងអតីតសមាជិកនិងអ្នករស់រានមានជីវិតនៃរបបខ្មែរក្រហមតាមរយៈវប្បធម៌សន្ទនារវាងក្រុមទាំងពីរ ក៏ដូចជាការដឹកនាំទស្សនកិច្ចសិក្សាទៅកាន់តំបន់នេះ។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានធ្វើការយ៉ាងស្វិតស្វាញជាមួយនឹងក្រសួងទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រដ៏មានសារសំខាន់ទាំង១៤ទីតាំង ដែលរួមមាន ទីតាំងដុតសព ប៉ុល ពត, ទីតាំងកប់សព ប៉ុល ពត, ផ្ទះតាម៉ុក និងទីស្នាក់ការរបស់តាម៉ុក ជាដើម ក្នុងគោលបំណងអប់រំនិងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនជំនាន់ក្រោយ និងធានាថារបបឃោរឃៅនេះនឹងមិនកើតឡើងវិញជារៀងរហូត។
បណ្ឌិត លី សុខឃាង ប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានបង្ហាញភាពសុទិដ្ឋិនិយមចំពោះកម្មវិធីថ្មើរជើងប្រវត្តិសាស្ត្រ និងកីឡាទេសចរណ៍អន្លង់វែងជារួម ព្រមទាំងសម្តែងនូវអំណរគុណចំពោះការគាំទ្ររបស់សំណាក់អាជ្ញាធរខេត្តឧត្តរមានជ័យនិងគណៈកម្មាធិការរៀបចំកម្មវិធី ដល់ការងាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក្នុងការអភិរក្សនិងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ «ខ្ញុំបាទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងមុតមាំចំពោះ ការផ្តួចផ្តើមសាងសង់វិមានឈ្នះ ឈ្នះ នៅក្នុងទឺកដីស្រុកអន្លង់វែងនេះ» លោកបានបញ្ជាក់បន្ថែម។
លោកប្រយោជន៍ លោកគ្រូបង្រៀនមកពីខេត្តស៊ីសាកេត បានបង្ហាញចំណាប់អារម្មណ៍ពេញចិត្តចំពោះកម្មវិធីនេះ ដោយលើកឡើងថា ថ្មើរជើងនេះ «ពិតជាល្អ» ដោយសារតែយើងបានបង្កើតជា «វប្បធម៌ដ៏ប្រសើរ» រវាងព្រះរាជាណាចក្រកម្ពុជានិងថៃ ពីព្រោះថ្ងៃនេះយើងបាន «ដើរដើម្បីផ្លាស់ប្តូរវប្បធម៌, ដើរដើម្បីការសិក្សា, ដើរដើម្បីព្រះពុទ្ធសាសនា និងដើរដើម្បីកីឡា» ហើយនេះគឺជាសកម្មភាពជាទីប្រសើរសម្រាប់ប្រជាជនទាំងពីរប្រទេស។
លោក ឌី ថារ៉េន ម្ចាស់បទចម្រៀង «អន្លង់វែងស្នេហា» បង្ហាញអំពីសេចក្តីសោមនស្សជាពន់ពេកដែលបានមកដល់ទឹកដី ដែលលោកធ្លាប់តែច្រៀងរៀបរាប់នៅក្នុងបទចម្រៀង ព្រមទាំងត្រេកអរយ៉ាងក្រៃលែងដោយបានបង្ហើរសំនៀងជូនប្រជាជននៅក្នុងស្រុកនេះផ្ទាល់ស្តាប់កម្សាន្ត។ គួររម្លឹកថា «អន្លង់វែងស្នេហា» គឺជាបទចម្រៀងស្ថិតក្រោមកិច្ចផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការគាំទ្រតាមរយៈការចូលរួមចំណែកជាស្នាដៃនិពន្ធពីសំណាក់លោកគ្រូ ស៊ុ សារឿន កវីជើងចាស់ដែលបាននិពន្ធទំនុកបទភ្លេងរាប់ពាន់បទនៅក្នុងប្រទេសកម្ពុជា។ បទចម្រៀងនេះ និពន្ធឡើងជាពិសេសសម្រាប់ស្រុកអន្លង់វែង៕