(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីរាប់បាត្រដល់ព្រះសង្ឃ៥២០អង្គ នៃពិធីបុណ្យមាឃបូជា រួចមកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានបន្តចុះទស្សនាសមិទ្ធិផល ការជួសជុលអាងជើងគ្រុស និងប្រាសាទមេបុណ្យ ក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រោយបានជួសជុលកែលម្អប្រាសាទមេបុណ្យ ដែលកសាងនៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ សម័យព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានភ្ញៀវជាតិអន្តរជាតិមកទស្សនាកំសាន្តនិងសិក្សាស្រាវជ្រាវ ។ ជាមួយនេះអ្នកទេសចរ អាចធ្វើដំណើរលើស្ពានឈើដ៏វែងប្រវែងជិត០១គីឡូម៉ែត្រ ជាស្ពានជាប់និស្ស័យបារាយណ៍មេបុណ្យ។
អាងជើងគ្រុសគឺអាងមួយដ៏ធំ ស្តុកទឹកសម្រាប់បម្រើ ដល់ការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតំបន់នេះទាំងមូល និងបម្រើដល់វិស័យទេសចរណ៍ ដោយទីនេះមានស្ពានបណ្តែតទឹកយ៉ាងស្រស់ស្អាត និងកន្លែងអង្គុយលំហែកាយស្រូបខ្យល់ អាកាសបរិសុទ្ធ ញាំអាហារដ៏មានឱជារស ពិសេសអាចមើលទេសភាពពេលសុរិយារៀបអស្តង្គត យ៉ាងច្បាស់ស្រស់ស្អាតផងដែរ៕