(បរទេស)៖ នៅចំពោះមុខការវាយលុកពីសំណាក់វីរុសកូរ៉ូណាប្រភេទថ្មី រោងចក្រជាច្រើននៅទូទាំងប្រទេសចិន បាននិងកំពុងបន្តបិទទ្វារនៅឡើយ ហើយអាចបន្តបែបនេះរហូតដល់ យ៉ាងហោចក៏សប្តាហ៍ក្រោយដែរ។ ខណៈចិនជាអ្នកដែលនាំចេញធំជាងគេខាងផ្នែកវត្ថុធាតុដើម និងផលិតផលមិនទាន់សម្រេច ដែលត្រូវយកទៅប្រើប្រាស់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ នៅជុំវិញពិភពលោកនោះ ការបន្តផ្អាកប្រតិបត្តិការរោងចក្រ នៅក្នុងប្រទេសឧស្សាហកម្មដ៏ធំមួយនេះកាន់តែយូរប៉ុនណា វានឹងជះផលអវិជ្ជមានកាន់តែអាក្រក់ទៅតាមនោះដែរ ដល់ប្រតិបត្តិការអាជីវកម្មនៅតាមប្រទេសដទៃៗទៀត ជាពិសេសបណ្តាប្រទេសនៅតំបន់អាស៊ី ដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់របស់របរទាំងនោះពីចិន។
រោងចក្រជាច្រើនមានទាំងខាងផ្នែកគ្រឿងបច្ចេកវិទ្យា គ្រឿងបន្លាស់រថយន្ត រហូតដល់វាយនភណ្ឌ និងកៅស៊ូ-ប្លាស្ទិក ព្រមទាំងវត្ថុធាតុដើមផ្សេងៗជាច្រើន នៅក្នុងប្រទេសចិន ត្រូវបានបិទទ្វារចាប់តាំងពីមុនបុណ្យចូលឆ្នាំចិន ហើយដោយសារការផ្ទុះឡើងខ្លាំង នៃវីរុសកូរ៉ូណាថ្មី រោងចក្រទាំងអស់នោះ ត្រូវបានណែនាំមិនទាន់ឲ្យបើកធ្វើប្រតិបត្តិការវិញនៅឡើយទេ គឺអាចដល់សប្តាហ៍ក្រោយ ឬយូរជាងនេះទៀតក៏ថាបានដែរ ខណៈប្រទេសចិនកំពុងបន្តប្រឹងប្រែង ទប់ទល់ការរីករាលដាលនៃវីរុស។ ប្រការនេះបានធ្វើឲ្យប្រទេសដទៃ ប្រឈមហានិភ័យ ទៅលើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ព្រោះតែការពឹងផ្អែកលើការផ្គត់ផ្គង់វត្ថុធាតុដើម ឬទំនិញពាក់ព័ន្ធពីប្រទេសចិន។
តួយ៉ាងដូចជាក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានសម្រេចបិទរោងចក្រខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែកង្វះខាតគ្រឿងបន្លាស់ ដែលត្រូវការការផ្គត់ផ្គង់ជាចាំបាច់មកពីប្រទេសចិន ខណៈបណ្តាក្រុមហ៊ុននៅប្រទេសជប៉ុន កំពុងតែមានក្តីបារម្ភលើបញ្ហាខ្វះខាតការផ្គត់ផ្គង់ដូចគ្នា ប្រសិនបើរោងចក្រនៅចិនបន្តបិទទ្វារកាន់តែយូរ។
ចំណែកនៅឥណ្ឌា វិស័យផលិតថ្នាំពេទ្យកំពុងចាប់ផ្តើមភ័យព្រួយផងដែរ ចំពោះការបន្តបិទទ្វាររោងចក្រផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ថ្នាំពេទ្យនៅក្នុងប្រទេសចិន។ រីឯនៅវៀតណាម ក្រោយបិទច្រកព្រំដែនភាគខាងជើងមួយរយៈជាមួយចិន ដោយសារតែការផ្ទុះរាលដាលនៃវីរុស នាយករដ្ឋមន្រ្តីវៀតណាមទើបបញ្ជាឲ្យបើកច្រកព្រំដែន នៅតំបន់នោះឲ្យទំនិញឆ្លងចេញ-ចូលបានដូចដើមវិញ ដើម្បីកុំឲ្យសកម្មភាពពាណិជ្ជកម្មជាប់គាំងយូរ។
ដោយឡែកនៅប្រទេសកម្ពុជា បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ប្រសិនជារោងចក្រនៅប្រទេសចិន បន្តបិទលើសចុងខែកុម្ភៈទៀតនោះ មានរោងចក្រមួយចំនួននៅកម្ពុជា អាចប្រឈមនឹងការបិទទ្វារបណ្តោះអាសន្នដោយសារកង្វះវត្ថុធាតុដើមនាំចូលពីប្រទេសចចិន៕