(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានថ្លែងថា យុវជនមួយចំនួនបានគិតខុសថា ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ ដែលតម្រូវឲ្យគូស្នេហ៍ ត្រូវផ្តល់វត្ថុអនុស្សារីយ៍ទៅឲ្យគ្នាទៅវិញទៅមក ឬក៏ឈានទៅដល់ប្រព្រឹត្ត ខុសទំនៀមទម្លាប់ប្រពៃណីខ្លួន ឬបទល្មើសផ្សេងៗ ដែលធ្វើឲ្យអាប់ឱនដល់កិត្តយសខ្លួន និងគ្រួសារផងដែរ។
លោកស្រី ខាំ សុភាព បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកស្រី និងលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទីោ៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីអប់រំចិត្តដល់យុវជនសិស្សានុសិស្ស នៃវិទ្យាល័យថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមអភិបាលរងខេត្តរូបនេះ បានឲ្យដឹងទៀតថា ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ គឺជាថ្ងៃដែលមនុស្សគ្រប់រូបត្រូវផ្តល់បង្ហាញនូវការស្រឡាញ់របស់ខ្លួនទៅដល់មនុស្សដែលខ្លួនស្រឡាញ់ និងគោរពដឹងគុណ ដូចជា៖ បងប្អូន មិត្តភក្តិ លោកគ្រូអ្នកគ្រូ ជាពិសេសគឺ មាតាបិតាតែម្តង។
លោកស្រី ខាំ សុភាព បានបន្តថា វប្បធម៌ខ្មែរ ហាក់មានការធ្លាក់ចុះ ស្របពេលដែលបច្ចេកវិទ្យាបណ្តាញសង្គមមានការរីកចម្រើន ដោយអ្នកប្រើប្រាស់គិតខុស និងមិនបានពិចារណា ហើយនៅតាមសាលារៀនទាំងរដ្ឋ និងឯកជនពុំសូវជាយកចិត្តទុកដាក់ទៅលើការអប់រំសីលធម៌ និង ចរិយាធម៌ ដល់សិស្សតាមរយៈព្រះពុទ្ធសាសនានេះទេ។
លោកស្រីថ្លែងថា វិស័យព្រះពុទ្ធសាសនា បានបង្កើតកម្មវិធីជាច្រើនចូលរួមកសាងសុខសន្តិភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ ទៅតាមគ្រឹះស្ថានអប់រំនានា និង វត្តអារាមជាដើម ឲ្យយល់ដឹងច្បាស់ពីតម្លៃដ៏វិសេសវិសាល នៃវប្បធម៌, ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ហើយចូលរួមថែរក្សា, អភិវឌ្ឍន៍, លើកតម្កើងវប្បធម៌ជាតិ និងកាត់បន្ថយឥទ្ធិពលវប្បធម៌អវិជ្ជមានពីបរទេស។ ក៏ប៉ុន្តែនៅមានមនុស្សមួយចំនួន ដែលមិនគោរព និងប្រតិបត្តិតាមអ្វីដែលដូនតាបានហាមប្រាម។
លោកស្រី ខាំ សុភាព បន្ថែមថា យុវជនម្នាក់មានការគាំទ្រនូវការបញ្ចូលកម្មវិធីអប់រំសីលធម៌ ចរិយាធម៌ ទៅក្នុងសាលារៀន គឺមានសារៈសំខាន់ខ្លាំងណាស់ ដល់ការអភិវឌ្ឍ ការរក្សានូវសុខសន្តិភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ។ ក្នុងនោះវិស័យសាសនាបានប្រៀនប្រដៅមនុស្សឲ្យស្គាល់សច្ចភាព, សុច្ចរិតភាព, បុណ្យ និងបាប៕