(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ បានចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតប ទៅនឹងបណ្ដាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួនដែលផ្សាយធ្វើការចោទប្រកាន់ថា ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៏ និងវិនិយោគ ធ្វើសកម្មភាពដឹកឈើ និងកាប់ឈើយ៉ាងគគ្រឹកគគ្រេង ហើយដាក់ការសង្ស័យមកលើក្រសួងកសិកម្មមានចេតនាបើកដៃអោយ ក្រុមហ៊ុនធ្វើអាជីវកម្មឈើខ្នាតធំ នៅជាប់តំបន់ព្រៃឡង់ ស្ថិតនៅខេត្តព្រះវិហារនោះ គឺក្រុមហ៊ុនមានគោលការណ៏វិនិយោគ ដាំដើមឈើពីរាជរដ្ឋាភិបាលត្រឹមត្រូវ។
រដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៏ និងវិនិយោគ ទទួលបានគោលការណ៏វិនិយោគតាមរយៈលិខិតលេខ១៦៥០ សជណ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី លើផ្ទៃដីទំហំ៦០៦០ ហិកតា ស្ថិតនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ និងបានចុះកិច្ចព្រមព្រៀងវិនិយោគជាមួយក្រសួងកសិកម្ម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៩។
ក្រុមហ៊ុនបានរៀបចំផែនការមេសម្រាប់ធ្វើការវិនិយោគដាំ អាកាស្យា ចន្ទន៏ក្រស្នា និងដំណាំកសិ-ឧស្សាហកម្ម ដោយបែងចែកជា៥អនុតំបន់។ ក្នុងនោះក្រុមហ៊ុនក៏បានធ្វើសារពើភ័ណ្ឌវាយតម្លៃ ប៉ាន់ស្មានធនធានព្រៃឈើរួចរាល់ នៅក្នុងអនុតំបន់៤ និងអនុតំបន់៥ និងបានបង់ថ្លៃសួយសារ និង បុព្វលាភផលអនុផលព្រៃឈើរួចរាល់ហើយ។
ក្រុមហ៊ុនបានទទួលការអនុញ្ញាតឈូសឆាយ តាមរយៈលិខិតលេខ១០៣ កសក ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ របស់ ក្រសួងកសិកម្ម ក្នុងនោះក្រុមហ៊ុនត្រូវធ្វើការដាំដុះលើផ្ទៃដី ដែលក្រសួងបានអនុញ្ញាតអោយក្រុមហ៊ុន ធ្វើការឈូសឆាយដាំដុះកន្លងមក អោយបានរួចរាល់ក្នុងឆ្នាំ២០២០។
ការដឹកជញ្ជូនផល អនុផលព្រៃឈើកន្លងមក ក្រុមហ៊ុនមានលិខិតបើកផ្លូវដឹកជញ្ជូនផល អនុផលព្រៃឈើ (LP) និងលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ (PC) ត្រឹមត្រូវ។
ករណីរដ្ឋបាលព្រៃឈើរកឃើញថា ការអនុវត្តរបស់ក្រុមហ៊ុនមិនត្រឹមត្រូវទៅតាមគោលការណ៍ និងច្បាប់ស្ដីពីព្រៃឈើ រដ្ឋបាលព្រៃឈើនឹងចាត់វិធានការតាមផ្លូវច្បាប់។
ខាងក្រោមនេះជាលិខិតប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ៖