(ភ្នំពេញ)៖ ការចុកដើមទ្រូង គឺជារោគសញ្ញាមួយ ដែលអាចបង្កឡើងដោយសារជំងឺជាច្រើន ក្នុងនោះការចុកដើមទ្រូង ដែលបង្កឡើងដោយជំងឺបេះដូង គឺជារោគសញ្ញាមួយ ដែលគ្រោះថ្នាក់ អាចប៉ះពាល់ដល់អាយុជីវិតក៏ថាបាន។ នេះបើតាមក្រុមគ្រូពេទ្យជំនាញផ្នែកបេះដូង ថ្លែងនៅក្នុងសិក្ខាសាលាវេជ្ជសាស្ត្រមួយ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសណ្ឋាគារសូហ្វីតែល។
ក្រុមគ្រូពេទ្យជំនាញ បានលើកឡើងថា ការចុកដើមទ្រូងនេះ ស្តែងចេញនៅពេលដែលសរសៃឈាមបេះដូងមួយ ឬច្រើន មានការស្ទះ ឬត្បៀត ឬសរសៃឈាមតូចៗ របស់បេះដូងមានបញ្ហា ដែលធ្វើឲ្យឈាមទៅចិញ្ចឹមសាច់ដុំបេះដូងមានការថយចុះ។ ការចុកនេះ ច្រើនកើតឡើងនៅពេលដែលប្រឹងធ្វើការ រត់ ឬឡើងជណ្តើរ ហើយបាត់ទៅវិញក្រោយពេលសម្រាក ១០ទៅ១៥នាទី។
វាជាការចុក ឈឺណែនដើមទ្រូងនៅចំកណ្តាលទ្រូង ឬខាងឆ្វេង ហើយអាចរាលដាលដល់កញ្ចឹងក ថ្គាមខាងឆ្វេង ស្មា និងដៃឆ្វេង។ ករណីមានរោគសញ្ញាទាំងនេះ អ្នកជំងឺត្រូវប្រញ៉ាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ នេះបើតាមក្រុមគ្រូពេទ្យជំនាញ ថ្លែងបន្ថែមនៅក្នុងសិក្ខាសាលាវេជ្ជសាស្ត្រ ក្រោមប្រធានបទ «ដល់ពេលដែលយើងត្រូវផ្តល់អត្ថប្រយោជន៍ ជាអតិបរមាដល់អ្នកជំងឺចុកដើមទ្រូង»។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងជាប្រធានផ្នែកបេះដូងនៃមន្ទីរពេទ្យកាលម៉ែត្រ បានថ្លែងថា បេះដូងយើងមានសរសៃឈាមមកចិញ្ចឹម ដូច្នេះនៅពេលមានបញ្ហាសរសៃឈាម ដែលនាំឈាមមកចិញ្ចឹមបេះដូង គឺបណ្តាលឲ្យអ្នកជំងឺស្តែងចេញជាការចុកទ្រូង។ ការខ្វះឈាមមកចិញ្ចឹមបេះដូងនេះ បើវានៅកម្រិតមិនទាន់ធ្ងន់ធ្ងរទេ វាស្តែងចេញជាការចុកដើមទ្រូង ហើយដល់ពេលអ្នកជំងឺសម្រាក ឈាមវាបាត់ ឬអាចថយទៅវិញ ធ្វើឲ្យយើងធូរស្រាល។ ប៉ុន្តែនៅពេលដែល ជំងឺនេះវិវត្តន៍ដល់ដំណាក់កាលធ្ងន់ធ្ងរ ការចុកដើមទ្រូងខ្លាំងក្លាណាស់ នៅស្ងៀមក៏ចុកដែរ ហើយមិនអាចថយ ឬក៏បាត់នៅពេលយើងសម្រាកទេ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ បានបន្តថា «អ្នកជំងឺនេះអាចឈានដល់ការគ្រោះថ្នាក់ដល់ជីវិត បើសិនជាមិនបានទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដូចយើងដឹងស្រាប់ហើយថានៅលើសកលលោក បច្ចុប្បន្ននេះជំងឺស្ទះសរសៃឈាមក្នុងបេះដូង គឺជាមូលហេតុទី១ ដែលសម្លាប់មនុស្ស ពីព្រោះជារៀងរាល់ឆ្នាំមានមនុស្សជាង ៨លាននាក់បានស្លាប់ដោយសារតែជំងឺនេះ»។
បើតាមអ្នកជំនាញរូបនេះ ចំពោះកត្តាដែលបង្កឲ្យមានជំងឺចុកដើមទ្រូង ឬជំងឺស្ទះសរសៃឈាមបេះដូងនេះ មានច្រើនណាស់។ លោកសង្ខេបថា កត្តាសំខាន់ៗមាន បញ្ហាអាយុ បញ្ហាជំងឺ និងបញ្ហាចំណីអាហារ។
លោកបន្ថែមថា «ទី១ កត្តាដែលយើងមិនអាចកែប្រែបាន ដូចជាអាយុ។ នៅពេលអាយុកាន់តែច្រើន ការមានជំងឺស្ទះសរសៃឈាមបេះដូង កាន់តែមានច្រើនទៅតាមហ្នឹង»។ ទី២ កត្តាយើងអាចកែប្រែបានដែរ ប៉ុន្តែកែបានតែមួយចំណែក ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសទម្ងន់ ជំងឺលើសខ្លាញ់។ កត្តាមួយចំនួនទៀត ដូចជាការជក់បារី ការទទួលទានគ្រឿងស្រវឹង និងការទទួលទានប្រៃហួសហេតុ»។
ស្របពេលជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត លីវ ឈិញ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត្រ បានលើកឡើងដែរថា ជំងឺចុកដើមទ្រូង គឺជាជំងឺមួយដែលកើតឡើងភ្លាមៗតែម្តង ហើយអ្នកជំងឺស្តែងចេញជារោគសញ្ញា ឲ្យយើងឃើញមានច្រើនសណ្ឋាន។ លោកថ្លែងថា អ្នកខ្លះអាចសម្តែងឲ្យឃើញ ដោយមានអារម្មណ៍ធ្ងន់ៗនៅទ្រូង ឬក៏របៀបចុកនៅចុងដង្ហើមដូចឈឺក្រពះ ហើយចាប់ផ្តើមបែកញើស ជួនកាលអាចបណ្តាលឲ្យចង់ក្អួត។
លោកវេជ្ជបណ្ឌិត លីវ ឈិញ បានជំរុញថា «បងប្អូនយើងដែលមានជួបសញ្ញា ដែលខ្ញុំបានជម្រាបជូន សូមទៅជួបគ្រូពេទ្យឯកទេសបេះដូង ដើម្បីព្យាបាលព្រោះថាជំងឺនេះ ងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិត»។
ចំពោះជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនកើតនៅវ័យកណ្តាល ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ ក៏ប៉ុន្តែនៅក្នុងបណ្តាប្រទេសរបស់កម្ពុជាយើង គឺយើងជួបអ្នកកើតជំងឺបេះដូងតាំងពីអាយុ ២០ឆ្នាំជាងក៏មាន។ នេះបើតាមលោកវេជ្ជបណ្ឌិត លីវ ឈិញ។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យមួយរូបទៀតគឺ ឈុន ឡាយ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានបញ្ជាក់ដែរថា ជំងឺស្ទះសរសៃឈាមបេះដូង គឺជាជំងឺមិនសាមញ្ញឡើយ ដែលគេត្រូវគិតគូរលើវា។ លោកបានណែនាំ ឲ្យអ្នកជំងឺទៅព្យាបាលនៅមជ្ឈមណ្ឌលព្យាលជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត្រ ព្រោះនៅទីនោះ មានក្រុមគ្រូពេទ្យបេះដូង ដែលជំនាញៗដែលមកពីប្រទេសបារាំង សុទ្ធតែមានការបណ្តុះបណ្តាល និងមានឧបករណ៍ទំនើបៗគ្រប់គ្រាន់។
សម្រាប់លោក Lauarent GARNIER នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ស៊ែវីយែ អន្តរជាតិកម្ពុជា បានរៀបរាប់ក្នុងសិក្ខាសាលានោះថា ស៊ែវីយែ រីករាយនឹងបន្តជាដៃគូរដ៏រឹងមាំ របស់វេជ្ជបណ្ឌិតកម្ពុជាដោយនាំយកឱសថដែលមានប្រសិទ្ធភាព និងមានអត្ថប្រយោជន៍ដូចជា Vastarel OD 80 ដើម្បីរួមចំណែកព្យាបាល អ្នកជំងឺចុកទ្រូងឲ្យបានប្រសើរ។ ស៊ែរវីយែ សង្ឃឹមថា ថ្នាំប្រភេទនេះ នឹងក្លាយជាជំនួយការដ៏ល្អរបស់វេជ្ជបណ្ឌិតកម្ពុជា ក្នុងការគ្រប់គ្រង និងព្យាបាលអ្នកជំងឺចុកទ្រូង៕