(កណ្តាល)៖ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធពិធីបុណ្យបែបព្រះពុទ្ធសាសនាមិនដែលអាក់ខានឡើយ ដោយឡែកសម្រាប់ឆ្នាំនេះ បុណ្យមាឃបូជា បានធ្វើឡើងនៅក្នុងបរិវេណព្រះមហាសក្យមុនីចេតីយ៍ ភ្នំព្រះរាជទ្រព្យ ឬភ្នំឥដ្ឋរឹស្ស (ភ្នំឧត្តុង្គ) ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលពិធីបុណ្យមាឃបូជាឆ្នាំនេះ បានធ្វើឡើងចំថ្ងៃសៅរ៍ ១៥កើត ខែមាឃ ត្រូវនឹងឆ្នាំកុរ ឯកស័ក ពសគរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចចៅហ្វាវាំង គង់ សំអុល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជាកិត្តិយស ឲ្យចូលរួមជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ។
បើតាមឯកសារពុទ្ធប្រវត្តិបានឲ្យដឹងថា បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជនាថៃ្ងទី ១៥កើត ខែមាឃក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១២៥០អង្គជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍ចំនួន ១១ប្រការ មានឈ្មោះជាភាសាបាលីថា «ឱវាទ បាដិមោក្ខ» ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្ត។
ឯកសារប្រវត្តិដដែលនេះបានឲ្យដឹងទៀតថា ពិធីនេះជាគោលបំណងរបស់ព្រះពុទ្ធសាសនា ឬក៏ដូចជាគោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វាន ដែលប្រែថាសភាវប្រាសចាកទុក្ខមិនមានសេចក្តីទុក្ខមិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន។ ពាក្យនិព្វាននេះមានន័យស្មើនិងពាក្យថា «សន្តិ» ដែលប្រែថា «សេចក្តីស្ងប់»។ គោលដៅសន្តិភាព ឬនិញ្វនមិនមែនកើតឡើង ដោយការសុំបន់ស្រន់បួងសួងទេ ហើយក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់អាទិទេព ឬ ព្រះជាម្ចាស់អង្គណាមួយឡើយ។
សន្តិភាពនេះកើតដោយសារការសន្សំរបស់សកម្មភាព ៣យ៉ាង គឺការមិនធ្វើអាក្រក់ការ កម្ចាត់អំពើអាក្រក់ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយ និងផ្លូវសម្តី។ ការធ្វើអំពើល្អបង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។ ពង្រឺង ចិត្តដែលជាមូលដ្ឋាននៃអំពើដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យអស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធមិនមានសភាវៈអាក្រក់ស្ថិតនៅ។
បើតាមការឲ្យដឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានបញ្ជាក់ថា មាឃបូជា ឆ្នាំនេះ មានព្រះសង្ឃចំនួនជាង៣០០អង្គ និងដូនជី តាជី ជាង២០០នាក់ ដើម្បីទទួលបាននូវការបំពេញកុសលពីប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី ទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របពេលដែលប្រជាជនដែលជាអ្នកកាន់ព្រះពុទ្ធសាសនា នៅលើសកលលោក ប្រារព្ធក្នុងថ្ងៃតែមួយដូចគ្នា៕