(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានផ្ដាំផ្ញើដល់សិស្សនិស្សិត ដែលទទូលបានអាហារូបករណ៍ ត្រូវមានឆន្ទៈទៅរៀន ហើយរៀនកុំរត់ ហើយត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងត្រូវចេះជួយយកអាសារគ្នា។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត សុខ ប្រសិទ្ធ អញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស-និស្សិត ដែលបានទទូលអាហារូបករណ៍ទៅសិក្សា នៅប្រទេសថៃ ចំនួន៥១នាក់ និងអាណាព្យាបាលសិស្ស នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោកបណ្ឌិត សុខ ប្រសិទ្ធ បានថ្លែងថា ដោយសារប្រទេសជាតិ មានសុខសន្តិភាពទើបយើង មានលទ្ធភាពកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងកសាង អភិវឌ្ឍធនធានមនុស្ស ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ចប់សង្រ្គាមនៅកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយយ៉ាងសំខាន់។
ទន្ទឹមគ្នានោះ លោកបណ្ឌិត សុខ ប្រសិទ្ធ ក៏បានផ្តាំផ្ញើដល់សិស្ស-និស្សិត ដែលទទួលអាហារូបករណ៍ទៅសិក្សា នៅប្រទេសថៃនាពេលនេះ ត្រូវខិតខំរៀន សូត្រដើម្បីពាំនាំយកចំណេះដឹង ត្រឡប់ជូនក្រុមគ្រួសារ (ស២) ហើយនឹងប្រទេសជាតិ ព្រមទាំងចេះដុសខាតខ្លួន ឲ្យក្លាយជាមនុស្សល្អ នៅក្នុងសង្គមជាតិ។
សូមបញ្ជាក់ថា សម្ពន្ធយុវជនអាហារូករណ៍ (ស) មានគោលបំណងអភិវឌ្ឍន៍យុវជន ឲ្យមានបុគ្គលិកលក្ខណៈពេញលេញ លើផ្នែកបញ្ញា ស្មារតី សីលធម៌ស្មារតី គុណធម៌ សច្ចៈធម៌ បណិនជីវិតនិងរាងកាយ ដើម្បីយុវជនក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ ប្រកបដោយសន្តិភាពនយោបាយ ក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន និងមានការសហការចូលរួមពីក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង (ស.យ.អ.ក)។
រហូតពេលនេះ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ នៃបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសចិន និងតៃវ៉ាន់ ហើយនៅខាងមុខនេះ លោកបណ្ឌិតប្រធាន នឹងអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា នៅប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត៕