(ភ្នំពេញ)៖ លោកអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានណែនាំឲ្យចៅសង្កាត់ត្រូវជំរុញការប្រមូលសំរាម នៅក្នុងមូលដ្ឋានសង្កាត់ឲ្យបានលឿន រហ័ស ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ មួយផ្នែកទៀតត្រូវជំរុញការផ្សព្វផ្សាយពីបញ្ហាសំរាមដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ ពីការវេចខ្ចប់ទុកដាក់សំរាម និងញែកសំរាម ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវផ្សព្វផ្សាយពីបញ្ហាបរិស្ថាន អនាម័យ ដែលជាដើមចមនៃការបង្កគ្រោះថ្នាក់ដល់សុខភាពដែលកើតចេញសំរាម។
លោក ចេង មុនីរ៉ា ជំរុញបែបនេះ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសប្រគល់ម៉ូតូកង់បីដ៏ទំនើប សម្រាប់ដឹកជញ្ជូនសំរាមនៅតាមលំនៅឋាន ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដែលទើបទទួលបានពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពន្លឿនការប្រមូលសំរាមឲ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាល សម្រចដកសិទ្ធប្រមូលសំរាមពីក្រុមហ៊ុនស៉ីនទ្រី ប្រគល់មកឲ្យសាលារាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវវិញនោះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូដឹកសំរាមនេះ ចំនួន៤០គ្រឿង ដល់ខណ្ឌចំនួន៦ កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រួមមាន៖ ខណ្ឌច្បារអំពៅ ចំនួន ៦គ្រឿង, ខណ្ឌពោធសែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង។
លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា សម្រាប់ខណ្ឌច្បារអំពៅទទួលបានចំនួន ៨គ្រឿង តែជំហានដំបូងទទួលបាន ៦គ្រឿងសិន នៅសល់ ២គ្រឿងទៀត និងទទួលនៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខព្រោះផលិតអត់ទាន់។ បន្ទាប់ពីសាលារាធធានីភ្នំពេញ ផ្តល់ម៉ូតូដល់រដ្ឋបាលខណ្ឌរួចមក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកអភិបាលខណ្ឌច្បារអំពៅ បានធ្វើពិធីប្រគល់ម៉ូតូដល់សង្កាត់ចំនួន ៥សិន រួមមាន៖ សង្កាត់ច្បារអំពៅទី១ ច្បារអំពៅ ទី២ ព្រែកប្រា និរោធ និងសង្កាត់វាលស្បូវ ដោយឡែកនៅសង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ និងប្រគលជូននៅពេលខាងមុខ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ ក៏បានណែនាំបន្ថែមឲ្យចៅសង្កាត់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការងារបរិស្ថាន អនាម័យ និងជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយអាជ្ញាធរ ក្នុងការអនុវត្តគោល នយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព៕