(ភ្នំពេញ)៖ ក្នុងសន្និសីទអន្តរជាតិគន្ធបុប្ផា លើកទី៧ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យឯកទេសរោគកុមារទាំងក្នុង និងក្រៅប្រទេស បានចែករំលែក និង ផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ក៏ដូចជាផ្តល់នូវចំណេះដឹងថ្មីៗទាក់ទងរោគកុមារ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការព្យាបាលឲ្យកាន់តែល្អប្រសើរឡើង។
សន្និសីទនេះរៀបចំឡើងដោយមូលនិធិគន្ធបុប្ផា រួមជាមួយមន្ទីពេទ្យគន្ធបុប្ផា និងជ័យវរ្ម័នទី៧ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពី លោក Peter Studer នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផា, វេជ្ជបណ្ឌិតមកពីប្រទេសស្វីស និង គ្រូពេទ្យនៃបណ្តាមន្ទីពេទ្យនានាទូទាំងប្រទេសកម្ពុជា សរុបជាង២០០នាក់។
នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផា បានបញ្ជាក់ឲ្យដឹងថា សន្និសីទបែបនេះ បានធ្វើឡើងចំនួន៦លើករួចមកហើយ ក្នុងគោលបំណង ដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេស ផ្នែករោគកុមារទាំងក្នុង និងក្រៅប្រទេស បានចែករំលែកចំណេះដឹង ដើម្បីរកឃើញនូវបទពិសោធន៍ថ្មីៗ និងល្អៗ ក្នុងការព្យាបាលកុមារបន្ថែមទៀត។
សន្និសីទអន្តរជាតិគន្ធបុប្ផា លើកទី៧ ក៏បានលើកយកប្រធានបទសំខាន់ៗចំនួន៥ មកបង្ហាញដូចខាក្រោម៖
* ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាវះកាត់ទំនើប ដោយការចោះពោះអ្នកជំងឺ (Laparoscopy) ដែលបន្ថយការឈឺចាប់ ក្រោយពេលវះកាត់ មិនមានការក្លាយមុខរបួស ឬក៏មានស្នាមវះកាត់ធំ និងអ្នកជំងឺអាចបានជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញបានយ៉ាងឆាប់រហ័ស។
* ការបង្ហាញអំពីបច្ចេកវិទ្យា នៃការថតឆ្លុះប្រព័ន្ធតម្រងនោម ដោយម៉ាស៊ីនស្កេន (MR Urography) ដែលផ្តល់បាននូវភាពងាយស្រួល និងច្បាស់លាស់ ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺតម្រងនោម។
* ការបង្ហាញអំពីការវះកាត់គីស និងដក់ទឹកក្នុងខួរក្បាល ដោយឧបករណ៍ទំនើប Endoscopy Treatment ដែលមានប្រយោជន៍កាត់បន្ថយផលវិបាក និង អត្រាស្លាប់ដោយវះកាត់។
* ការបង្ហាញអំពីការអភិវឌ្ឍន៍ ផ្នែកសង្គ្រោះបន្ទាន់កម្រិតខ្ពស់ នៃជំងឺទារកទើបនឹងកើត និងកុមារទូទៅ។
* ការបង្ហាញអមពីបច្ចេកទេស ក្នុងការលាងជាតិពុលតាមស្រោមពោះវៀន ចំពោះករណីខ្សោយតំរងនោមស្រួចស្រាវ ដោយមូលហេតុផ្សេងៗ គឺដោយសារពុលថ្នាំ ឬក៏ខ្សោយតំរងនោម ដោយការឆ្លងមេរោគផ្សេងៗជាដើម។
* បង្ហាញអំពីការព្យាបាលជំងឺ បណ្តាលមកពីការឆ្លងមេរោគផ្សេងៗ មានបាក់តេរី វីរុសជាដើម។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ ធា គ្រុយ ក៏បានផ្តាំផ្ញើឲ្យសមាជិកទាំងអស់ ដែលជាគ្រូពេទ្យកុមារ មកពីមន្ទីពេទ្យនានា ពាំនាំនូវចំណេះដឹងថ្មីៗនេះ ចូលរួមក្នុងការផ្តល់នូវសេវាព្យាបាលកុមារ ឲ្យមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព ហើយយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ៕