(ឧត្តរមានជ័យ)៖ ក្រសួងទេសចរណ៍ នៅតែអះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសុវត្ថិភាពល្អ សម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ខណៈភ្ញៀវទេសចរអឺរ៉ុបជាច្រើននាក់ បាននាំគ្នាជិះរថយន្តស៊េរីចាស់ៗ (Classic) ១០គ្រឿងឆ្លងពីប្រទេសពីថៃ មកលេងប្រទេសកម្ពុជាទាំងចិត្តរីករាយ ដោយបើកបរចូលមកតាមច្រកទ្វារព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៨ ខែកុម្ភ:នេះ មានក្រុមរថយន្តស៊េរីចាស់ៗ (Classic) ១០គ្រឿង របស់ភ្ញៀវទេសចរអឺរ៉ុប បានចូលមកទស្សនានៅកម្ពុជាតាមច្រកទ្វារព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ពួកគេមានគម្រោងស្នាក់នៅកម្ពុជាចំនួន៦យប់ និងទៅទស្សនាតំបន់ទេសចរណ៍សំខាន់ៗ នៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយនឹងត្រលប់ទៅប្រទេសថៃវិញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកទ្វារព្រំដែនអូរស្មាច់ដដែល។
ក្រសួងទេសចរណ៍បានកត់សម្គាល់ថា «ការអញ្ជើញមកទស្សនារបស់ទេសចរអឺរុបនៅកម្ពុជានេះ បានបង្ហាញឱ្យឃើញពីភាពជឿជាក់ទុកចិត្ត របស់ទេសចរអន្តរជាតិមកលើសន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍ និងបដិសណ្ឋារកិច្ចស្វាគមន៍របស់កម្ពុជា»។
ក្រសួងទេសចរណ៍ក៏នៅតែអះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសុខសុវត្ថិភាពល្អសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិគ្រប់គ្នា៕