(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៍ និងបានខិតខំយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
លោក វង សូត បានបន្តថា សន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
លោក វង សូត បានបន្ថែមថា ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសាមគ្គីគ្នា ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាឱ្យបានរឹងមាំ នូវសុខសន្តិភាព ស្ថេរភាព ដើម្បីផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងក្មួយៗក្នុងការសិក្សារៀនសូត្រ ដើម្បីលើកស្ទួយចំណេះដឹង និងកម្រិតជីវភាពរស់នៅរបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើងថែមទៀត សំដៅអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន រុងរឿងជាលំដាប់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពផងដែរ។
ការលើកឡើងខាងលើនេះ បានធ្វើឡើងខណៈលោក វង សូត និងលោកស្រី អញ្ជើញចូលរួមនៅក្នុងពិធីកាត់ឬសសីមា សម្ពោធឆ្លងព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា សរុបថវិកាអស់ប្រមាណ១៧ម៉ឺនដុល្លារ នៅវត្តរតនសុខារាម ហៅវត្តព្រឹក ស្ថិតនៅភូមិព្រឹក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រី វង សូត បានកោតសសើរ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែង របស់ព្រះចៅអធិការវត្ត គ្រប់ជំនាន់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានផ្តល់នូវជំនឿជឿជាក់ បរិច្ចាគធនធាន និងថវិកា តាមសទ្ធាជ្រះថ្លា ដើម្បីរួមសាមគ្គីក្នុងការកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តរតនសុខារាម ហៅវត្តព្រឹក សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរ ក្នុងវិស័យព្រះពុទ្ធសាសនា៕