(សៀមរាប)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញសម្ពោធកុដិថ្មីមួយខ្នងនៅវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងត្បូង ស្ថិតក្នុងភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានប្រវត្តិព្រះសង្ឃគង់នៅតាំងពីឆ្នាំ១៤៣២។
កុដិថ្មីនេះមានបណ្តោយ ២១.៩ម៉ែ្រត ទទឹង ១២.០ម៉ែ្រត និងកម្ពស់ ១០.៦៤ម៉ែត្រ ផ្នែកខាងក្រោមធ្វើអំពីបេតុង ផ្នែកខាងលើធ្វើពីឈើ តាមទម្រង់រចនាប័ទ្មខ្មែរបុរាណសុទ្ធសាធ ដែលរក្សានូវសោភ័ណភាព និងគុណភាពសំណង់នៅក្នុងរមណីយដ្ឋានបុរាណប្រវត្តិសាស្ដ្រផងដែរ។
ការកសាងកុដិឈើក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ ត្រូវបានផ្តួចផ្តើមឡើងដោយទឹកចិត្តជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនារបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា ដែលនឹងបន្សល់ទុកជាកេរដំណែលប្រវត្តិសាស្ត្របន្តទៀតសម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា វត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងត្បូង ជាវត្តដែលមានវ័យចំណាស់មួយនៅក្នុងប្រវត្តិសាស្ដ្រ ស្ថិតនៅប៉ែកខាងជើងក្រុងសៀមរាប វត្តនេះមានឈ្មោះដើមហៅថា «អង្គរវត្ត» ដែលមានព្រះសង្ឃគង់នៅតាំងពីឆ្នាំ១៤៣២ រហូតដល់ឆ្នាំ១៩១០ ទើបរដ្ឋការបារាំងសុំនិមន្តព្រះសង្ឃឱ្យចេញពីប្រាសាទអង្គរវត្ត។
វត្តនេះចាប់ផ្តើមកសាងឡើងវិញឆ្នាំ១៩២១ ប៉ុន្តែក៏ត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម។ ក្រោយថ្ងៃរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនាចាប់ផ្តើមរស់ឡើងវិញ ហើយវត្តក៏ចាប់ផ្តើមមានព្រះសង្ឃមកគង់នៅជាបន្តបន្ទាប់ និងចាប់ផ្តើមកសាងសមិទ្ធផលនានាសម្រាប់ជាទីសក្ការៈបូជា ដែលបច្ចុប្បន្នមានសាលាឆាន់ ១ខ្នង កុដិថ្ម ១ខ្នង កុដិឈើ ១ខ្នង បង្គន់អនាម័យ និងធម្មត្រ័យ ១ខ្នង៕