(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា តាំងពីបង្កើតគណបក្សប្រជាជនកម្ពុជាមក គឺគណបក្សបានប្រកាន់ភ្ជាប់នូវមនសិកា ឧត្តមគតិស្នេហាជាតិ មាតុភូមិ ប្រជាពលរដ្ឋ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។
ការបញ្ជាក់បែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការ សាលប្រជុំ និងសមិទ្ធផលនានា គណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សម្តេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជាយើង គឺជាគណបក្សមួយដែលបានប្រកាន់ភ្ជាប់ នូវឧត្តមគតិរបស់ខ្លួនតាំង ពីដើមរៀង រហូតមកពេលបច្ចុប្បន្ននេះ ឧត្តមគតិរបស់ខ្លួននោះ គឺចង់និយាយថា ការតស៊ូរបស់ខ្លួន គឺដើម្បីជាតិ ដើម្បីប្រជាជន ដើម្បីសុខសន្តិភាព ស្ថិរភាព និងកាអភិវឌ្ឍប្រទេសជាតិ»។
សម្តេចក្រឡាហោម ស ខេង ក៏បានបន្ថែមទៀតថា បន្ទាប់ថ្នាក់ដឹកនាំ បានខិតខំប្រមែប្រមូលសមាជិក កសាងគណបក្សប្រជាជនឡើងវិញ ក្រោយពីពួលខ្មែរក្រហមបានបំផ្លាញ ហើយនៅក្នុងអំឡុងឆ្នាំ១៩៧៨ រហូតមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានប្រភ្ជាប់នូវឧត្តមគតិ ស្នេហាជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ដែលកំណុចនេះ គឺជាគោលការណ៍របស់គណបក្ស ដែលផ្ទុយស្រឡះពីគណបក្ស និងអ្នកដឹកនាំរបបមុនៗ បន្ទាប់ពីបានឡើងកាន់អំណាចភ្លាម បានធ្វើខុសពីការសន្យារបស់ខ្លួន ដែលបាននិយាយលួងលោមដល់ប្រជាពលរដ្ឋ ដើម្បីឱ្យគាំទ្រខ្លួន ក៏ប៉ុន្តែ នៅពេលបក្សខ្លួនឡើងកាន់អំណាច បែរជាបោះបង់ចោលនូវពាក្យសន្យារបស់ខ្លួនចំពោះប្រជាពលរដ្ឋទៅវិញ។
ទន្ទឹមនឹងនេះដែរ សម្តេចក្រឡាហោម ក៏បានបន្ថែមថា «សម្រាប់គណបក្ស ឬមេដឹកនាំដែលក្បត់ ចំពោះការសន្យាចំពោះប្រជាពលរដ្ឋ គឺជាគណបក្ស ឬមេដឹកនាំដែលក្បត់ឧត្តមគតិរបស់ខ្លួន ក្បត់នឹងឆន្ទៈបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ ជាក់ស្តែងរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំ នៃបក្សកុំម្មុយនីស្តកម្ពុជា ដែលមាន ប៉ុល ពត ជាមេក្លោង ពេលដែលគេត្រូវការយើង កម្លាំងរបស់យើង គេបានដើរកៀរគរគេ ប៉ុន្តែទីបំផុត មិនបានកសាងប្រទេសជាតិ និងប្រជាជននោះទេ គេបានសម្លាប់យើងដោយគ្មានហេតុផល ទាំងគ្មានកំហុស»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្រាប់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីឡើងកាន់អំណាច គឺបានរក្សាភ្ជាប់ទោះបីមន្ត្រីថ្នាក់ណាក៏ដោយ ប្រកាន់យករបៀបរបបមួយ ដែលមិនអាចបោះបង់ចោល គឺការផ្សារភ្ជាប់ការរស់នៅ សកម្មភាពការងាររបស់ខ្លួន ជាមួយប្រជាពលរដ្ឋ ដោយបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈណាទាំងអស់ ដោយមិនបោះបង់ចោល ប្រជាពលរដ្ឋណាម្នាក់ ឱ្យរស់នៅឯការ ឬដាច់ពោះស្លាប់ទាំងមិនបានយកចិត្តទុកដាក់នោះទេ៕