(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានជំរុញកងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ ត្រូវគ្រប់គ្រងឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្រ្កាបរាល់បទល្មើសផ្សេងៗឲ្យមានប្រសិទ្ធិភាពខ្ពស់។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានជំរុញឲ្យកងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវគ្រប់គ្រងឲ្យបានការងារពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្រ្កាបទប់ស្កាត់ឲ្យបានរាល់បទល្មើសផ្សេងៗ ត្រូវចូលរួមអនុវត្តផ្សព្វផ្សាយ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យបាន។
លោកស្នងការ បានបញ្ជាបន្ថែមថា ត្រូវបង្រ្កាបឲ្យបានរាល់បទល្មើសល្បែងស៊ីសង បទល្មើសគ្រឿងញៀន គ្រប់អាវុធជាតិផ្ទុះ បង្រ្កាបបទល្មើសជួញដូរស្ត្រី និងកុមារ។ លោកក៏សូមអំពាវនាវឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការផ្តល់ព័ត៌មានរាល់មានបាតុភាពអសកម្ម ពិសេសបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រ និងអនុវត្តឲ្យបានគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពមានប្រសិទ្ធិភាព និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ខេត្ត ក៏ដូចជា ការពារអធិបតេយ្យភាពសន្តិសុខតាមបន្ទាត់ព្រំដែន និងចូលរួមអនុវត្តច្បាប់ឲ្យបានទាំងអស់គ្នា។
នៅក្នុងឱកាសនោះដែរ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានកោតសរសើរកម្លាំងសមត្ថកិច្ចនគរបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់បង្ក្រាបល្បែងជល់មាន់មួយកន្លែង នៅស្រុកជាំក្សាន្ត ព្រមទាំងរឹបអូសបានវត្ថុតាងមួយចំនួននាពេលថ្មីៗនេះ។
លោកអភិបាលខេត្តក៏បានជំរុញឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុកក្រុងចាត់វិធានការទៅលើអ្នកប្រព្រឹត្តល្បែងស៊ីសង និងអ្នកនៅពីក្រោយខ្នងទៅតាមច្បាប់។
លោកអភិបាលខេត្តលោក ប្រាក់ សុវណ្ណ ក៏បានជំរុញឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានឆាប់រហស័បញ្ហាទឹកស្អាតប្រើប្រាស់ ដោយសារឆ្នាំនេះអាកាសធាតុក្តៅមន្ទីរធនធានទឹក ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមលក្ខណៈបម្រុងទឹកដើម្បីដោះស្រាយឲ្យទាន់ពេលវេលានៅពេលខ្វះទឹក និងត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន និងការប្រមូលសំរាមពិនិត្យគុណភាពសំណង់ ករណីប្រជាពលរដ្ឋធ្វើចំណាកស្រុក ដោយឡែកចំពោះករណីកុងត្រូលជជុះគឺមិនត្រូវឲ្យមានជាដាច់ខាត៕