(បន្ទាយមានជ័យ)៖ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន បានដឹកនាំពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យមាឃបូជា នៅប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយវេរចង្ហាន់ ទេយ្យវត្ថុ និងរាប់បាត្រព្រះសង្ឃចំនួន ៥២០អង្គ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ មហាបុព្វបុរសខ្មែរយុទ្ធជន យុទ្ធនារី ដ៏អង្គអាចក្លាហានហ៊ានបូជាជិវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងឧទ្ទិសកុសលដល់បុព្វការីជនញាតិការទាំងប្រាំពីរ សណ្តានដែលបានចែកឋានរំលាយក្ខន្ធ ទៅកាន់លោកខាងមុខ សូមដួងវិញ្ញាណក្ខន្ធលោកទាំងនោះ បានទៅកាន់ទៅបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖
*ទៅ១ ៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។
*ទី២ ៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។
*ទី៣ ៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។
*ទី៤ ៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ដោយឡែក ចំពោះប្រាសាទបន្ទាយឆ្មារ ទទួលបានការដឹកនាំជួសជុលឡើងវិញដោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ដើម្បីរក្សាប្រាសាទបុរាណកេរ្តិ៍ដូនតាមួយនេះ ឲ្យបន្តគង់វង្សសម្រាប់កូនចៅគ្រប់ជំនាន់តរៀងទៅផងដែរ៕