(ភ្នំពេញ)៖ ម្ចាស់គេហទំព័រភក្តីឡដ៍ ដោយមានការគាំទ្រពីសមាគមភ្នំពេញក្លឹប ការិយាល័យមេធាវី សុក ស៊ីផាន់ណា និងសហការី ក្រុមមេធាវី អេច អឹម អិល & ខនសាល់ថិន ក្រុមមេធាវី អាស៊ានមេគង្គ ក្រុមមេធាវីដូនពេញ ក្រុមមេធាវីធម្មសាស្រ្ត ការិយាល័យមេធាវី ចាប កែវ ក្រុមមេធាវី អ៊ី ធី ស៊ី ក្រុមមេធាវី សុធាផល សំណាង សុភី និងសហការី ក្រុមមេធាវី ខ្មែរមេគង្គ និងក្រុមមេធាវី អ៊ិន ត្លិច បានបោះពុម្ពផ្សាយនូវសៀវភៅច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចំនួន៣០០០ក្បាល ដើម្បីផ្សព្វផ្សាយជូនសាធារណជនដោយគិតថ្លៃ។

ស្ថាបនិកគេហទំព័រភក្តីឡដ៏ បានឲ្យដឹងថា ច្បាប់ថ្មីទាំងពីរនេះគឺ ដើម្បីជាការធានាផលប្រយោជន៍ជូនដល់ពលរដ្ឋ និងការវិត្តន៍របស់ប្រទេសកម្ពុជា ដែលកំពុងឈានចូលទៅក្នុងបដិវត្តន៍ឧស្សហកម្មទី៤។ បដិវត្តន៍ ឧស្សហកម្មទី៤ បាននិងកំពុងក្លាយជាប្រធានបទ ដ៏មានសារៈសំខាន់ដែលទទួលបាន ការចាប់អារម្មណ៍ពីសំណាក់មេដឹកនាំពិភពលោក អ្នកសិក្សាស្រាវជ្រាវ អ្នកអនុវត្ត អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយ ហើយប្រទេសច្រើន បានកំណត់យកបដិវត្តន៍ឧស្សាហកម្មទី៤ ជាអាទិភាពចម្បងក្នុងចំណោមអាទិភាពដទៃទៀតសម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ ភាពវត្តន៍ពីសម័យកាលមួយ ទៅសម័យកាលមួយទៀតជាមួយនិងភាពជឿនលឿនរីកចំរើននៃបច្ចេកវិទ្យានេះហើយទើបបង្កើតឲ្យមានការប្រែប្រួល ដែលចាំត្រូវមានការបង្កើតឡើងនូវច្បាប់ថ្មីៗដើម្បីការការពារផងដែរ ។

តើច្បាប់កិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានបង្កើតឡើងដើម្បីអ្វី?

ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ដែលភាសាអង់គ្លេសហៅថា Law on consumer protection ច្បាប់កិច្ចការពារអ្នកប្រើប្រាស់នេះ មានចំនួន១១ជំពូក និង៥១មាត្រា បង្កើតឡើងក្នុងគោលបំណងធានាឲ្យមានកិច្ចការពារ អ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត។ គោលដៅច្បាប់នេះ កំណត់វិធាននិងយន្តការ ដើម្បីចូលរួមចំណែកបង្កើតបរិយាកាស នៃការធ្វើពាណិជ្ជកម្មដែលក្នុងនោះ រួមមានសិទ្ធិ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ត្រូវបានការពារ, ការធ្វើពាណិជ្ជកម្មនោះ មានការប្រកួតប្រជែងដោយសុចរិត, អ្នកប្រើប្រាស់និងពាណិជ្ជករធ្វើសកម្មភាពជាមួយគ្នាដោយមានទំនុកចិត្ត។

ច្បាប់កិច្ចការពារអ្នកប្រើប្រាស់នេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលទាំងឡាយ ដែលធ្វើធុរកិច្ច ទោះបីរកប្រាក់ចំណេញ ឬមិនរកប្រាក់ចំណេញក្តី រួមទាំងការលក់ទំនិញឬសេវាផ្សេងៗ ឬសិទ្ធិប្រត្យក្សលើអចលនទ្រព្យ ឲ្យអ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិដោយឡែកដែលចែងផ្សេងពីនេះ។

នាពេលកន្លងមកនេះ ក្នុងការចុះអនុវត្តច្បាប់របស់មន្ត្រីកាំកុងត្រូល ជនបំពានមួយចំនួន ត្រូវបានទទួលត្រឹមតែ ការព្រមានបញ្ឈប់រាងចាលតែប៉ុណ្ណោះ។ ប៉ុន្តែយោងតាមច្បាប់កិច្ចការពារអ្នកប្រើប្រាស់មាត្រា៤២របស់ច្បាប់ បានកំណត់ដាក់ទោសដាក់គុក រវាងពី៦ខែ ទៅ២ឆ្នាំនិងការ ពិន័យជាប្រាក់រវាងពី១លានទៅ៤លានរៀលផងដែរ។ យោងតាមមាត្រា៤៣ ការផ្តន្ទាទោសនូវអំពើមិនសុចរិត នឹងអាចផ្តន្ទាទោសពីរយៈពេល២ឆ្នាំ ដល់៥ឆ្នាំ និងការពិន័យជាទឹកប្រាក់ពី៤លាន ដល់១០លានរៀល។

ចំណែកច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលភាសាអង់គ្លេសហៅថា Law on E-Commerce ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នេះមានចំនួន១២ជំពូក និង៦៧មាត្រា បង្កើតឡើង ក្នុងគោលបំណង គ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមួយអន្តរជាតិ, បង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីតាមប្រព័ន្ធអេឡិចត្រូនិក, ផ្តល់ទំនុកចិត្តដល់សាធារណជន ក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិច។

យោងតាមច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មាត្រា៥៩របស់ច្បាប់ បានកំណត់ដាក់ទោសដាក់គុក រវាងពី៦ខែ ទៅ៣ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល ចំពោះបុគ្គលណា ដែលប្រព្រឹត្តអំពើផ្ទុយ នឹងបញ្ញត្តិនៃមាត្រា៣១។ យោងតាមមាត្រា៦៤ របស់ច្បាប់ បានកំណត់ដាក់ទោសដាក់គុករវាងពី១ឆ្នាំទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១លានរៀលទៅ១០លានរៀល ចំពោះបុគ្គលទាំងឡាយ ដែលប្រព្រឹត្តអំពើផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី១នៃមាត្រា៤៦។

សូមជម្រាបជូនផងដែរថា គេហទំព័រ www.pheakdeylaw.com គឺជាគេហទំព័រដែលប្រមូលផ្តុំ ទៅដោយច្បាប់និងបទប្បញ្ញត្តិជាភាសាខ្មែរ និងអង់គ្លេស ដែលរៀបចំប្រមូលចងក្រង ហើយផ្សព្វផ្សាយដោយលោក ភូ ភក្តី ជំនាញផ្នែករដ្ឋបាលសាធារណៈ បច្ចេកវិទ្យាព័ត៌មាន ហើយសព្វថ្ងៃគេហទំព័រ ក៏មានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកច្បាប់ និងអ្នកស្រាវជ្រាវ ដោយក្នុងមួយថ្ងៃស្ថិតិជាមធ្យម មានអ្នកចូលមើលមិនតិចជាង៣៥០០០ អ្នកនោះទេ៕