(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥២២នាក់ នឹងបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ នៅសាលាវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ បសេដ្ឋ នៅភូមិតានួន ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម)...។ល។
លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា «មិនថារដូវប្រាំងឬវស្សា ឆ្ងាយឬជិត ទោះបីជាការងារមមាញឹកយ៉ាងណាក៏ដោយ ក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងឈ្លាសវៃរបស់លោក ហ៊ុន ម៉ានី នៅតែបន្តចុះទៅព្យាបាល ជូនប្រជាពលរដ្ឋមិនខ្លាចពីភាពនឿយហត់ ព្រោះតែចង់ឃើញបងប្អូប្រជាពលរដ្ឋមានសុខភាពល្អ»។
លោកបន្ថែមថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ ព្យា បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា ពលរដ្ឋ មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម ជាតិ។ មិនថារដូវប្រាំង មិនថារដូវវស្សា ទោះជាការងារមមាញឹករវល់យ៉ាងណា ក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងឈ្លាសវៃ និងប្រកបដោយថាមពល មិនដែលព្រងើយកន្តើយ ឬភ្លេចពីសុខទុក្ខបងប្អូនជនរួមជាតិឡើយ។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៨ហើយ (២០១២-២០២០) ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យនិងព្យាល បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន២១៦លើកហើយ៕