(ភ្នំពេញ)៖ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតែងតាំង មុខតំណែងមន្រ្តីគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ដែលមានអនុប្រធាន និងសមាជិក គណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន ចំនួន៩រូប។
អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ចំនួន៩រូបនោះរួមមាន៖
* អនុប្រធាន គណៈកម្មាធិការ គណបក្សខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន ចំនួន២រូប លោក យូ ស៊ុនឡុង និង លោក សេង ទៀង។
* សមាជិកគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន ៧រូបមាន លោក ស្វាយ ស៊ីថា, លោក កែវ រ៉េមី, លោក ឃុន ហាំង, លោក ផៃ ស៊ីផាន, លោក ឡុង វិសាលោ, លោក ឯក សុនចាន់ និងលោក ណុប រតនៈ។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ការកែសម្រួលភារកិច្ច និងការប្រកាសតែងតាំងមុខតំណែង មន្រ្តីគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការចុះជួយដោះស្រាយទុក្ខលំបាក បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានណែនាំដល់ក្រុមការងារ គណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បន្តចុះជួយតាមមូលដ្ឋានជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងស្ដាប់សំណូមពរបញ្ហាប្រឈមនានា ដូចជា សេវាសាធារណៈ សេវាសំណូមពរ សេវាតម្រូវការ របស់ប្រជាពលរដ្ឋដោះស្រាយ ឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។ ត្រូវបន្តការងាររបស់ខ្លួន ឱ្យបានសកម្ម ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ឆន្ទៈមុតស្រួច ធ្វើជាស្នូលនៃចលនារបស់ប្រជាជន ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតជូនជាតិ និងប្រជាជន ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ឆ្នាំ ២០២៣។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានគ្រឹះរឹងមាំមានការសាមគ្គីភាពយ៉ាងស្អិតរមួត គ្មានកម្លាំងណាអាចបំបែកបាន ព្រមទាំងបានដឹកនាំប្រទេសអស់រយៈកាលជាង៣០ឆ្នាំ បានកសាងសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់ប្រជាជន និងប្រទេសជាតិ ជាពិសេសបានផ្ដល់សេចក្ដីសុខ ជូនប្រជាពលរដ្ឋ និងសុខសន្តិភាព ពិតប្រាកដទូទាំងប្រទេស។ ការកសាង និងថែរក្សាសន្តិភាពមានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ៕