(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងថៃ បានបង្ហាញការតាំងចិត្តពង្រឹងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ ជាពិសេសការធ្វើពាណិជ្ជកម្មរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។
ការតាំងចិត្ត បានធ្វើឡើងនៅក្នុងពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោក ជូរីន ឡាសានាវិស៊ិត (Jurin Lakasawisit) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងពេលអញ្ជើញរួមគ្នាសម្ពោធពិព័រណ៍ផលិតផលថៃ «ថប់ថៃប្រេន ២០២០» ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ។
ក្រោយបញ្ចប់កិច្ចពិភាក្សារដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានអញ្ជើញជាអធិបតីសម្ពោធពិព័រណ៍ «ថប់ថៃប្រេន២០២០»។ ក្នុងពិធីនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ ប្រចាំឆ្នាំជាបន្តបន្ទាប់នៅកម្ពុជា គឺជាសញ្ញាណវិជ្ជមានមួយ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានរួមសហការពង្រឹង និងពង្រីកទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អផង និងក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគីផង។
លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានតាំងចិត្តរួមសហការគ្នាឱ្យកាន់តែស៊ីជម្រៅ និងសកម្មទ្វេឡើង តាមរយៈការផ្លាស់ប្តូរការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មទៅវិញទៅមក ក្នុងនោះក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតថៃប្រចាំនៅកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នៅក្នុងប្រទេសកម្ពុជា ដូចជា ពិព័រណ៍ Thai Mini Week, Top Thai Brand, Thailand Trade Fair, Thai Products Expo ជាដើម។ ដោយឡែកក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជូនវិស័យឯកជន និងក្រុមហ៊ុនក្នុងស្រុក ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសថៃ រួមទាំងការសហការគ្នាបង្កើតឲ្យមានកិច្ចប្រជុំ សិក្ខាសាលា ស្តីពីសកម្មភាពពាណិជ្ជកម្ម ជាប្រចាំទៅវិញទៅមកជាច្រើនផងដែរ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដែលកើតចេញកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ការសម្រេចបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់ និងការរីកចម្រើននានា ដោយសារកម្ពុជាមានសុខសន្តិភាព ពេញលេញ ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយក្នុងការបង្កបង្កើនផល មានសិទ្ធិសេរីភាពក្នុងការធ្វើធុរកិច្ច និងវិនិយោគ តាមអ្វីដែលពួកគេចង់ធ្វើ។
ពិព័រណ៍ «ថប់ថៃប្រេន ២០២០» ដែលបានប្រារព្ធធ្វើនាពេលនេះ មានស្តង់ពាណិជ្ជកម្មចំនួន ៣០០ស្តង់ ដែលបានដាក់តាំងនូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងប្រើប្រាស់ជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលថៃដែលមានគុណភាពខ្ពស់ និងមានប្រជាប្រិយភាព។
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ការរៀបចំពិព័រណ៍ក្នុងឆ្នាំ២០២០នេះ ជាវេលាមួយដ៏ល្អ គាប់ជួនជាមួយនឹងខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ហើយតាមរយៈការជួបពិភាក្សារវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដើម្បីជាប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ៕