(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងសម្រេចទៅលើឯកសារសំខាន់ៗមួយចំនួន។

របៀបវារៈដែលត្រូវបានលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចនៅថ្ងៃនេះ រួមមាន៖
១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
២៖ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
៣៖ គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ គម្រោងអភិវឌ្ឍខ្សែបណ្ដាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មខេត្តឧត្តរមានជ័យមកអនុស្ថានីយខាងកើតសៀមរាប និងគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង និងការអនុវត្តបន្តទៀត។

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ព្រមទាំងគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម និងតបណ្តាញខ្សែបញ្ជូនអគ្គិសនី ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ហើយបញ្ជូនទៅកាន់រដ្ឋសភាពិនិត្យ និងសម្រេចបន្ត។

ក្រៅពីឯកសារសំខាន់ទាំង៣ខាងលើនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានពិភាក្សាលើសំណើមួយចំនួន ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិផងដែរ។ សំណើទាំងនេះរួមមាន៖
១៖ សន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២៖ សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣៖ ពិធីសារទីមួយ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
៤៖ ពិធីសារទីពីរ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៥៖ ពិធីសារទីបី ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

សំណើទាំង៥ខាងលើនេះ ក៏ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចបញ្ជូន បានសម្រេចបញ្ជូនទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិផងដែរ។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្សព្វផ្សាយដល់អង្គប្រជុំអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនោះ គឺជាការបង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន និងប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ ក៏ដូចជាពង្រឹងនូវស្មារតីនិងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាដែលរស់នៅនិងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិន និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋចិន។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា គឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះព្រោះថា «មិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាលំបាក»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ជំងឺរបស់ប្រជាពលរដ្ឋកម្ពុជាមិនមែនជាជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នោះទេ ក្នុងកាលៈទេសៈនេះគឺជា «ជំងឺភ័យខ្លាច»។ សម្តេចតេជោ បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបរក្សាភាពនឹងនរ ពិសេសរក្សាអនាម័យក្នុងការរស់នៅ ការទទួលទាន និងការធ្វើការងារ ដើម្បីបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទ។

ខាងក្រោមជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកមិញនេះ៖